ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តសៀមរាប កំពុងមានចំណាត់ការ លើសំណុំរឿងព្រហ្មទណ្ឌចំនួន៤ និងសំណុំរឿងរដ្ឋប្បវេណីចំនួន៤ ដែលប្រជាពលរដ្ឋប្តឹងឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី

118

សៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា តុលាការកំពុងមានចំណាត់ការយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងព្រហ្មទណ្ឌចំនួន៤ និងសំណុំរឿងរដ្ឋប្បវេណីចំនួន៤ ដែលប្រជាពលរដ្ឋប្តឹងឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី។

សេចក្តីថ្លែងការរបស់អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី ២៤ នេះបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលអះអាងថាជាជនរងគ្រោះនៃអំពើឆបោកដោយឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក បាននាំគ្នាមកតវ៉ានៅខាងមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយស្រែកទាមទារឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឡេង ចាន់ណា ដោយសារថា ពួកគាត់បានដាក់ពាក្យបណ្ដឹងចូលមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត សៀមរាបរួចហើយ ប៉ុន្តែសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តសៀមរាបពុំបានរកដំណោះស្រាយជូនពួកគាត់ឡើយ។

អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាបបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និងបក្សពួកមកអយ្យការអមសាលាដំបូងខេត្តសៀមរាបចំនួន ០៤ (បួន) សំណុំរឿង រួមមាន សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌ លេខ ២៦៥ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, និង សំណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅពេលសំណុំរឿងព្រហ្មទណ្ឌទាំងនេះ ត្រូវបានបញ្ជូនមកចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះនោះ សាលាដំបូងខេត្តសៀមរាបនឹងចាត់ការភ្លាម ដោយផ្អែកតាមកស្តុតាងក្នុងសំណុំរឿង និងតាមនីតិវិធីច្បាប់។ ដោយឡែក ចំពោះសំណុំរឿងរដ្ឋប្បវេណីពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ ឈ្មោះ ឡេង ចាន់ណា និងបក្សពួក សាលាដំបូងខេត្តសៀមរាបបានទទួលចាត់ការសំណុំរឿងអង្គសេចក្ដីចំនួន ០៤ (បួន) សំណុំរឿង រួមមាន សំណុំរឿងលេខ ៥០៦ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣, សំណុំ រឿងលេខ ៥០៧ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣, សំណុំរឿងលេខ ៥០៨ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣, និងសំណុំរឿងលេខ ៧២ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំពោះសំណុំរឿងរក្សាការពារមាន ចំនួន ០១ (មួយ) សំណុំរឿង គឺសំណុំរឿងលេខ ១៧ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសាលាដំបូង ខេត្តសៀមរាបបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន និងបានអនុវត្តការរឹបអូសជាបណ្តោះអាសន្នជូនម្ចាស់បំណុលរួចហើយ។

ចំពោះសំណុំរឿងរដ្ឋប្បវេណីដែលកំពុងតែចាត់ការទាំងអស់ សាលាដំបូងខេត្ត សៀមរាបកំពុងតែធ្វើចំណាត់ការយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់។

យោងតាមពលរដ្ឋរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីមានការឃោសនាអំពីក្រុមហ៊ុនប្រ៊ីលានស៊ីធី អំពីការដាក់ប្រាក់ចងការជាមួយក្រុមហ៊ុន នឹងទទួលបានការប្រាក់ខ្ពស់នោះ ប្រជាពលរដ្ឋបាននាំគ្នាយកប្រាក់ដែលពួកគាត់បានខ្ចីពីធនាគារ មកចូលរួមជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ចាន់ណានេះ។

ពលរដ្ឋបន្តថា ទំហំទឹកប្រាក់ដែលពលរដ្ឋទូទាំងប្រទេស រួមទាំងពលករនៅប្រទេសកូរ៉េផង បានយកប្រាក់មកចងការឲ្យឧកញ៉ាឡេង ចាន់ណា នេះមិនក្រោម៣០០លានដុល្លាអាម៉េរិកទេ ដែលប្រាក់ទាំងនោះពួកគាត់សុទ្ធតែបានខ្ចីពីធនាគារ៕

អត្ថបទដែលជាប់ទាក់ទង