ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះដេប៉ូជូលី លក់ឈើគ្រប់ប្រភេទ មួយកន្លែង នៅខណ្ឌចំការមន, នគរបាលប្រើប្រាស់ទឹក៣២គ្រឿង

32

(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះដេប៉ូលក់ឈើគ្រប់ប្រភេទ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចដេប៉ូ ជូលី លក់ឈើគ្រប់ប្រភេទ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន ស្មេីរនឹង៧៦ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤គ្រឿង ស្មើរនឹង១៦ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តបុរីប៉េងហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹក០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយសារតែទីតាំងខាងលើមានផលលំបាក ដូចជាស្ថានភាពផ្លូវមានការតូចចង្អៀតពិបាកឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យើងចូលទៅក្នុងដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។ ទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចប្រើប្រាស់វិធានសាស្ត្រដើរថ្មើរជើង ដោយធ្វើការអូសទាញទុយោទឹកចូលទៅដល់ក្នុង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ (១៥ម៉ែត្រ គុណ ០៨ម៉ែត្រ) បានបណ្តាលឲ្យឆេះឃ្លាំងដែកប្រក់សង្ក័សី រួមទាំងឈើអស់ប្រហែល៣០% ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះឈើ ទំហំ (៧ម៉ែត្រ គុណ ២៥ម៉ែត្រ) ចំនួន០១ខ្នងអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស រឺក៏ស្លាប់នោះឡើយ។ ចំណកឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕

អត្ថបទដែលជាប់ទាក់ទង