ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលើកគ្នាទៅកាប់ប្រជាពលរដ្ឋ ដល់ផ្ទះពេលយប់របួសច្រើននាក់ នៅក្រុងប៉ោយប៉ែត ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

56

បន្ទាយមានជ័យ: ជនសង្ស័យ១នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំ ក្រោយពីធ្វើសកម្មភាពលើកគ្នាប្រដាប់ដោយដាវចូលទៅកាប់ប្រជាពលរដ្ឋចំនួន៤ផ្ទះ របួសជាច្រើននាក់ នៅចំណុចដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវតែភ្លាមៗនោះជនសង្ស័យនិងបក្ខពួកបានរត់គេចខ្លួនអស់ លុះវេលាម៉ោង១៣:៣៥ នាទី រសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៤ទើប ឃាត់ខ្លួនជនសង្ស័យបានសម្រេចយកមកសួរនាំ ។

ជនសង្ស័យមានឈ្មោះ ឃន សុខំ ហៅសុខំដំ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល១កន្លែងក្នុងភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត។ រីឯជនរងគ្រោះមាន១-ឈ្មោះ ហែម សារឹទ្ធ ភេទស្រី អាយុ៤០ឆ្នាំ និង២-ឈ្មោះ អ៉ឹម ប៊ុនរឹត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគាត់រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ ឃន សុខំ ហៅសុខំដំ បានសារភាពថា ខ្លួនមានគ្នា៣នាក់ ប្រដាប់ដោយកាំបិត ខ្វែវ និងដំបងទីប ពិតជាបានចូលទៅកាប់ពលរដ្ឋទាំងនោះមែន ព្រោះពួកគេបានវាយក្មួយប្រុសរបស់ខ្លួនហើមមុខ។ ចំណែកជនរងគ្រោះទាំង២នាក់បានឆ្លើយថា ពួកខ្លួនមិនដែលស្គាល់ និងមិនធ្លាប់មានជម្លោះជាមួយជនសង្ស័យម្តងណាឡើយ នៅយប់នោះពួកគាត់អង្គុយលេងមុខផ្ទះសុខៗស្រាប់តែឃើញជនសង្ស័យលើកគ្នាមកកាប់ដល់ផ្ទះតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង