ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការគាំទ្រនូវគំនិតផ្តួចផ្តើម និងលើកទឹកចិត្តដល់ការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្របង្រៀនថ្មីៗតាមរយៈសន្និសីទ CamTESOL

35

រាជធានីភ្នំពេញ ៖ នារល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យហង្សជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ចូលរួមជាអធិបតីក្នុងកម្មវិធីបើកសន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី ២០ (20th Annual CamTESOL Conference) ដែលប្រព្រឹត្តនៅសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Marc Thayre អនុប្រធានបេសកកម្មនៃចក្រភពអង់គ្លេស លោកស្រី Bridgette L. Walker អនុប្រធានបេសកកម្មរបស់សហរដ្ឋអាមេរិក លោក ម៉ៅ ស្រេង នាយកវិទ្យាស្ថាន IDP Education ប្រចាំប្រទេស ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ CamTESOL និង សិស្សនិស្សិតជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យហង្សជូន ណារ៉ុន បានថ្លែងអបអរសាទរ IDP Education ក្នុងការប្រារព្ធខួបគម្រប់ ២០ ឆ្នាំនៃការធ្វើជាម្ចាស់ផ្ទះនៃសន្និសិទ CamTESOL ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ប្រមូលផ្ដុំអ្នកអប់រំភាសាអង់គ្លេស គ្រូឧទ្ទេស អ្នកស្រាវជ្រាវផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន និងសាកលវិទ្យាល័យដែលបណ្ដុះបណ្ដាលផ្នែកភាសាអង់គ្លេស ដើម្បីបង្កើតបណ្ដាញទំនាក់ទំនង ចែករំលែកបទពិសោធន៍ និង ផ្លាស់ប្តូរវិធីសាស្ត្របង្រៀនល្អៗទៅវិញទៅមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា។ប្រធានបទនៃ CamTESOL ឆ្នាំនេះ “ការរៀបចំអ្នកសិក្សាដែលជោគជ័យ៖ ការនាំយកភាសាពិតទៅក្នុងថ្នាក់ ELT” (Preparing Successful Learners: Bringing Real Language into the ELT Classroom)” ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃវិធីសាស្រ្ត ក្នុងការផ្តល់ការអប់រំភាសាអង់គ្លេសក្នុងសតវត្សទី២១ ជាក់ស្តែងភាសាអង់គ្លេស គឺជាភាសាសកលដែលបើកឱកាសជាច្រើនសម្រាប់ការទំនាក់ទំនង ការសហការ និងការច្នៃប្រឌិតថ្មីៗ។ ដើម្បីរៀនភាសាអង់គ្លេសឱ្យចេះប្រាកដ អាចប្រើប្រាស់បានត្រឹមត្រូវ ប្រកបដោយទំនុកចិត្ត សិស្សនិស្សិតត្រូវផ្តោតការយកចិត្តទុកដាក់លើការរៀនឱ្យច្រើនលើសពីការរៀនតែវេយ្យាករណ៍ និងពាក្យវាក្យស័ព្ទ ដែលក្នុងនោះទាមទារឱ្យអ្នករៀនសូត្រត្រូវអនុវត្តជាប្រចាំ ក៏ដូចជាផ្សារភ្ជាប់នឹងជំនាញណាមួយជាក់លាក់ ដែលនេះហើយជាមូលហេតុធ្វើឱ្យសន្និសីទនេះ ក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីឧត្តមានុវត្តន៍ និងការសិក្សាស្រាវជ្រាវចុងក្រោយបំផុតក្នុងវិស័យ ELT។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ក៏ដូចជាលើកទឹកចិត្តដល់ការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្របង្រៀនថ្មីៗតាមរយៈសន្និសីទ CamTESOLដែលចូលរួមចំណែកជួយលើកកម្ពស់កម្រិតអន្តរជាតិនៃស្តង់ដាគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង