ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ឌិត គុណ ញឹម ណែនាំមន្ត្រីគយ និងរដ្ឋាករគ្រប់រូប ត្រូវពង្រឹងបន្ថែមទៀត នូវប្រសិទ្ធភាពនៃការបំពេញការងារ ដើម្បីចូលរួមកៀរគរប្រមូលចំណូលថវិកាជាតិ

34

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើដំណើរទៅកាន់អង្គភាពគយ និងរដ្ឋាករនៅតាមបណ្ដាមាត់ច្រកព្រំដែន កម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យនេះ រួមមាន៖ សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ការិយាល័យគយ និងរដ្ឋាករស្ថានីយរថភ្លើងបាត់ដំបង ការិយាល័យគយនិងរដ្ឋាករដូង ការិយាល័យគយ និងរដ្ឋាករអូរអន្លក់ ការិយាល័យគយ និងរដ្ឋាករអូររំដួល ការិយាល័យគយ និងរដ្ឋាករភ្នំដី ការិយាល័យគយ និងរដ្ឋាករម៉ាឡៃ និងការិយាល័យគយ និងរដ្ឋាករបឹងត្រកួន ដើម្បីពិនិត្យស្ថានភាពបំពេញការងារ របស់មន្រ្តីគយ និងរដ្ឋាករ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញការងារនានា របស់អង្គភាពទាំងនេះ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីគយនិង រដ្ឋាករគ្រប់រូបត្រូវពង្រឹងបន្ថែមទៀត នូវប្រសិទ្ធភាពនៃការបំពេញការងារ ពិសេសលើការទប់ស្កាត់អំពើរត់គេចពន្ធតាមគ្រប់រូបភាព ដើម្បីចូលរួមកៀរគរប្រមូលចំណូលថវិកាជាតិ ឲ្យបានគ្រប់តាមផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ក្នុងអំឡុងពេល នៃដំណើរចុះត្រួតពិនិត្យការងារខាងលើ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោករដ្ឋមន្រ្តីប្រតិភូមនាយករដ្ឋមន្រ្តី ក៏បានចូលរួមជាមួយគណៈប្រតិភូដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ច ចុះពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលត្រូវបានរៀបចំឡើងស្របតាមស្មារតី នៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ អ្នកទទួលបន្ទុកសាងសង់គម្រោង ព្រមទាំងមានការចូលរួមពីអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង