ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះ គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

31

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តនៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានចំនួន ៦២រូប ក្នុងនោះ៖

*សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
*សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប
*សមាជិកព្រឹទ្ធសភា ចំនួន ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖
*ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ
*ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ
*ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ
*ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ
*ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ
*ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ
*ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ
*ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង