ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ចេញសេចក្តីប្រកាសអំពីចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

38

ភ្នំពេញ ៖ គ.ជ. ប ចេញសេចក្តីប្រកាសអំពីចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានអង្គបោះឆ្នោតបានមកបោះសរុបចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៧៤៧ នាក់។

អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប (ស្រី ២,៥៨៤រូប)។

ការបញ្ជាក់របស់ប្រធានគ.ជ.ប បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះ។

បើតាមប្រធានគ.ជ.ប ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ លោកបណ្ជាក់បន្ថែមថា៖ «យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ»៕

អត្ថបទដែលជាប់ទាក់ទង