គ.ជ.ប ប្រសិនបើគ្មានពាក្យបណ្ដឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ លទ្ធផលផ្លូវការអាចនឹងប្រកាស នៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា
ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ គ.ជ.ប នឹងបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យ បណ្ដឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាស នៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការសរុប ព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្ដង។ ផ្តើមចេញពីមូលដ្ឋាននេះ គ.ជ.ប បានរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា គ.ជ.ប បានត្រៀមរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ហើយបានដំណើរការរលូនល្អ និងសម្រេចបានលទ្ធផលតាមការគ្រោងទុក ក្នុងនោះគឺ នៅចុងខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ហើយនៅថ្ងៃទី២៨ ខែធ្នូ បានធ្វើការចាប់ឆ្នោត កំណត់លេខរៀងគណបក្សនយោបាយឈរឈ្មោះ សម្រាប់ដាក់លើសន្លឹកឆ្នោត ដែលជាលទ្ធផល លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២ គណបក្ស ឆន្ទៈខ្មែរ លេខរៀងទី៣ គណបក្ស ហ៊្វុនស៊ិនប៉ិច និងលេខរៀងទី៤ គណបក្ស កម្លាំងជាតិ។ ឯកឧត្តម បានបន្តថា ក្រោយពីដំណើរការ ចុះឈ្មោះបោះឆ្នោតបានបញ្ចប់តាមនីតិវិធី នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ង.ប បានផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតជាផ្លូវការ ដែលមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះមានស្ត្រី ២.៥៨៤ នាក់ ជាតំណាងរាស្ត្រក្នុងតំណែង ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង ១១.៦២២ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ៣៣ ការិយាល័យ។ ក្នុង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ការឃោសនាបោះឆ្នោតរបស់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
អំពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតមាន ៤ គណបក្ស បានដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បីសង្កេតមើលការបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ហើយគណៈកម្មការរាជធានី ខេត្តរៀបចំការ បោះឆ្នោត (គធ.ខប) បានសម្រេចអនុញ្ញាតសរុបមានចំនួន ២២៨ នាក់ (ស្ត្រី ៣៩ នាក់)។ ឯកឧត្តម បានបន្តទៀតថា ចំពោះអ្នកសង្កេតការណ៍បោះឆ្នោត គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៦០ នាក់ (ស្ត្រី ២៥១ នាក់) មកពី ១៨ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អ្នកសង្កេតការណ៍អន្តរជាតិ ៣០ នាក់ (ស្ត្រី ១៧ នាក់) មកពីសមាគមនិស្សិត និងសមាគមទំនាក់ ទំនងយុវជនកម្ពុជា-ចិន។ ភ្ញៀវពិសេស មាន ៣ រូប ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចំនួន ៣ នៃប្រទេសជប៉ុន។ គ.ជ.ប បានទទួលស្គាល់ និងចេញបណ្ណអ្នកសារព័ត៌មានជាតិសរុបចំនួន ៣០៦ នាក់ (ស្ត្រី ២៩ នាក់) មកពី ៤៥ អង្គភាព។ ចំណែកឯអ្នកសារព័ត៌មានអន្តរជាតិមានចំនួន ២៥ នាក់ មកពី ១៤ អង្គភាព។
អំពីការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់អ្នកបោះឆ្នោត និងអង្គបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឱ្យបានយល់ ដឹងច្បាស់អំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដូចជាលេខកូដ និង ឈ្មោះទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទ ឯកសារដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត សរុបចំនួន ១១.៧៤៧ សន្លឹក។ បណ្ណព័ត៌មានអ្នកបោះឆ្នោតទាំងនេះ ត្រូវបានចែកជូនដល់អ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតបានសរុបចំនួន ១១.៧២៣ សន្លឹក ស្មើនឹង ៩៩,៨០ ភាគរយ។ ចំពោះការ ប្រព្រឹត្តទៅនៃការបោះឆ្នោត ឯកឧត្តម បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តនៃមណ្ឌលបោះឆ្នោតទាំង ៨ ភូមិភាគ បានបើកដំអពីការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដោយពុំមានការិយាល័យបោះឆ្នោត ណាមួយមិនអាចបើកបាននោះទេ។ ការបោះឆ្នោតតាមការិយាល័យមួយចំនួនត្រូវបានបិទមុន
បន្ទាប់ពីអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបោះអស់ហើយ ដែលការិយាល័យ ចុងក្រោយបានបញ្ចប់នៅវេលាម៉ោង ៣:០០រសៀល តាមការគ្រោងទុក ប្រកបដោយសន្តិសុខ និង សុវត្ថិភាព។
ពាក់ព័ន្ធនឹងការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ បានមាន ប្រសាសន៍ថា ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាប្រតិបត្តិករដំបូងក្នុងការស្តែន និងបញ្ជូន ទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ហើយគណៈកម្មការនេះ ត្រូវចាត់ចែង ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមភូមិភាគ សម្រាប់ផ្សព្វផ្សាយ ជាព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ឯកឧត្តម បានបន្តថា នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គ.ជ.ប នឹងរៀបចំប្រកាសផ្សាយ លទ្ធផលបឋមនៃការបោះឆ្នោត ដែលការប្រកាសផ្សាយនេះមានគោលបំណងសំខាន់គឺ ដើម្បីផ្តល់ ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត និងដើម្បីផ្សព្វផ្សាយលទ្ធផលបឋម បានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។ ម៉្យាងទៀត ការផ្សព្វផ្សាយ លទ្ធផលបឋមនៃការបោះឆ្នោតនេះ គ.ជ.ប បានសហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ កម្ពុជា (ទទក) បន្ទាប់ពី គ.ជ.ប បានទទួលទិន្នន័យ និងទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទ លេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ ពីគ្រប់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត គ.ជ.ប បានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបតាមភូមិភាគរួច ហើយដែលអាចនឹងផ្សាយចាប់ពីវេលាម៉ោង ៧:៣០នាទីយប់តទៅ។ ទន្ទឹមនឹងនេះ លទ្ធផលបឋមនៃការបោះឆ្នោត ក៏នឹងមានផ្សាយ តាមវិទ្យុជាតិកម្ពុជា និងតាមអ៊ុនធឺណិត ដែលត្រូវធ្វើឡើងតាមគេហទំព័រដែលមានអាសយដ្ឋាន www.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) CamNEC News, Channel YouTube និងតាម Facebook Page ផ្លូវការរបស់ គ.ជ.ប។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបក្នុងរាជធានី ខេត្តដោយ គធ.ខប យ៉ាងត្រឹមត្រូវតាមប្រមាណវិធីដោយដៃ និងតាមកុំព្យូទ័រ ដែលកំណត់ដោយ គ.ជ.ប ដើម្បីផ្ញើជូន គ.ជ.ប ដើម្បីពិនិត្យបញ្ជាក់ភាពត្រឹមត្រូវ និងសម្រេចជាលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។ គ.ជ.ប នឹងបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យ បណ្ដឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាស នៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានវាយតម្លៃថា ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមាន សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មាន ការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។
មានសំណួររបស់ភាគីដែលចូលរួមក្នុងកិច្ចប្រជុំនោះចង់ដឹងអំពីអវត្តមានអ្នកមិនបានមក បោះឆ្នោត តើដោយសារមូលហេតុអ្វី? ហើយថា មានមតិមួយចំនួនថា ការបោះឆ្នោតនេះមានការ គាបសង្កត់?
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនថា អ្នកដែលមិនបានមកបោះឆ្នោត ដោយសារមាន អ្នកខ្លះមានជំងឺ អ្នកខ្លះទៀតនៅក្រៅប្រទេស។ ចំពោះអ្នករិះគន់ការបោះឆ្នោត ចេះតែនិយាយដោយ គ្មានភស្តុតាង គ្មានមូលដ្ឋាន ពីព្រោះថា មកទល់ពេលនេះពុំទាន់មានបណ្ដឹងណាមួយត្រូវបានដាក់ និងទទួលទេ។
មុននឹងបញ្ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេច ទ្រង់ ឯកឧត្តមលោកជំទាវ លោកលោកស្រី នាងកញ្ញា អ្នកបោះឆ្នោតទាំងអស់ដែល បានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងបានថ្លែង អំណរគុណចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានតាមដានដំណើរការ រៀបចំការបោះឆ្នោតនេះ ដែលជាការរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបាន ធ្វើឱ្យការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកប ដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សាគ្មានការគំរាមកំហែង និង សូមឱ្យបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាស លទ្ធផលផ្លូវការនៃការបោះឆ្នោតដោយ គ.ជ.ប។
ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាន នគរបាលជាតិ អ្នកសង្កេតការណ៍ជាភ្ញៀវពិសេសមកពីប្រទេសជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនជិត ៥០ នាក់៕