ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ផ្តាំផ្ញើឲ្យអាជ្ញាធរកូរ៉េ ជួយមើលថែពលរដ្ឋខ្មែរ និងអ្នកមានគ្រួសារនៅទីនេះឲ្យដូចពលរដ្ឋរប​ស់ខ្លួន

102

 

កូរ៉េខាងត្បូង៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ បានធ្វើការផ្តាំផ្ញើ និងអំពាវនាវឲ្យអាជ្ញាធរកូរ៉េខាងត្បូង ជួយគាំពារដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមកធ្វើការ និងមានគ្រួសារជាប្តីជនជាតិកូរ៉េ ឱ្យមើលថែរក្សា​ និងយកចិត្តទុកដាក់ដូចពលរដ្ឋរបស់ខ្លួន។

ការផ្តែផ្តាំ និងអំពាវនាវរបស់លោក ឡុង ឌីម៉ង់ បែបនេះ គឺខណៈដែលលោកបានដឹកនាំមន្ត្រីស្ថានទូតខ្មែរ ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមករស់នៅ និងមានគ្រួសារកូរ៉េ នៅស្រុក Changyeong ដែលជាកូនស្រុកមួយ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសកូរ៉េ ដែលមាននារីជាជនជាតិខ្មែរ យកស្វាមីជាជនជាតិកូរ៉េ ចំនួន១៧គ្រួសារ កំពុងរស់នៅទីនោះ។

បើតាមរយៈទំព័រ Facebook ផ្លូវការរបស់លោក ឡុង ឌីម៉ង់ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានផ្តែផ្តាំអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ជួយបន្តគាំពារបងប្អូនពលរដ្ឋខ្មែរយើងចាត់ទុកជាកូនជាចៅទៀត។ លើសពីនេះទៅទៀត បងប្អូនបានបេះផ្លែប៉េងប៉ោះដែលគាត់ដាំផ្ទាល់ដៃ និងអ្នកខ្លះចាក់ជាវត្ថុអនុស្សាវរីយ៍ជូនខ្ញុំទៀតផង»។

លោក ឡុង ​ឌីម៉ង់ បានបន្តថា នៅក្នុងដំណើររបស់លោក និងក្រុមការងារ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលស្រុក ជាមួយនឹងសមាគម Happy Dreamer ដែលមានសណ្តានចិត្តដ៏ល្អ ជួយយកអាសារមើលថែពលរដ្ឋខ្មែរ យើងទាំងនៅកូរ៉េផងដែរ។

ជាមួយគ្នានេះដែរ លោក ​ឌីម៉ង់ បានបង្ហាញថា បងប្អូនប្រជាពលរដ្ឋខ្មែរ​ដែលរស់នៅទីនេះ តែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ទៅប្រទេសកម្ពុជា ហើយមិនតែប៉ុណ្ណោះស្នាមញញឹម ដ៏ស្មោះពីបងប្អូននារីខ្មែរ អានិកជនដែលមានគ្រួសារកូរ៉េ ចំនួន១៧នាក់ បានធ្វើឱ្យលោកសប្បាយរីករាយចងចាំមិនភ្លេចនោះទេ។

គួរបញ្ជាក់ថា ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង លោកតែងតែ ដឹកនាំមន្ត្រីស្ថានទូត ចុះសាកសួរសុខទុក្ខបងប្អូនកម្មករ និងពលរដ្ឋខ្មែរ ដែលមករស់នៅ និងធ្វើការនៅលើទឹកដីកូរ៉េ ជាហូរហែរ ដើម្បីស្វែងយល់ពីការរស់នៅ និងស្ថានភាពនានារបស់ពលរដ្ឋខ្មែរយើងនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង