ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាវិទ្យាសាស្ត្រខួបអនុស្សាវរីយ៍ ៦០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ចិន

165

រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសថា វេទិកាវិទ្យាសាស្ត្រខួបអនុស្សាវរីយ៍ ៦០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ចិននេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីទីស្តីការគណៈរដ្ឋមន្ត្រី រាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាលហាន់ប៉ាន់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបប្រមាណជា ២០០នាក់ នៅ ថ្ងៃទី២១ ខែមិថុនា គ.ស. ២០១៨ នៅសណ្ឋាគារភ្នំពេញ។

វេទិកានេះរៀបចំឡើង ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាក្នុងគោលបំណង៖ (១) រឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យ រួមទាំងវិស័យសិក្សាស្រាវជ្រាវផងដែរ, (២) ប្រមូលផ្តុំទស្សនៈ បទពិសោធន៍ យុទ្ធសាស្ត្រ និងអនុសាសន៍នានា ដើម្បីលើកកម្ពស់សន្តិភាព ភាពសុខដុមរមនា និងវិបុលភាពក្នុងប្រទេសទាំងពីរកម្ពុជា-ចិន, (៣) ផ្លាស់ប្តូរនូវការយល់ឃើញរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីស្វែងរកផ្លូវរួមមួយក្នុងការបើកទូលាយទំនាក់ទំនងកម្ពុជា-ចិន, (៤) ជំរុញអន្តរកម្មប្រកបដោយការស្ថាបនា រវាងអ្នកស្រាវជ្រាវ ដែលមានវត្តមានក្នុងវេទិកានេះ និង(៥) រួមចំណែករឹតចំណងវប្បធម៌រវាងប្រទេសយើងទាំងពីរដោយផ្តល់គុណតម្លៃ និងលក្ខណៈពិសេសនៃវប្បធម៌របស់ប្រទេសនីមួយៗដោយលុបបំបាត់នូវវិរុទ្ធនិទស្សន៍វប្បធម៌ (Cultural Fallacy)។

វេទិកានេះ រៀបចំឡើងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងបញ្ចប់ទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងកម្មវិធីនៅថ្ងៃនីមួយៗ នឹងមានលើកឡើងនូវបទបង្ហាញបពីអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកស្រាវជ្រាវមកពីប្រទេសចិន។ ក្នុងនោះដែរ វេទិកាវប្បធម៌នៃប្រទេសទាំងពីរនឹងរៀបចំ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត ហើយការបង្ហាញពីវប្បធម៌ របស់ប្រទេសនីមួយៗ នឹងជួយជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋចិន កាន់តែស្គាល់គ្នាកាន់តែច្បាស់ឱ្យសមនឹងពាក្យថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងរវាងបេះដូង ទំនាក់ទំនងការអប់រំ និងប្រវត្តិសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង