ស្ថានទូតជប៉ុនប្រចាំកម្ពុជា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៧៦ម៉ឺនដុល្លារ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៣ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រាក់ប្រមាណជា៧៦ ម៉ឺនដុល្លារអាមេរិក ។
ឯកឧត្តម តានីណៃ អ៊ីឈិតូម៉ុ ភារៈធារីស្ដីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់គម្រោងទីមួយ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ១៦០,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែល អនុវត្តដោយអង្គការ Nature Center Risen។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការអប់រំ បរិស្ថាន ចាប់ពីវ័យកុមារភាព ក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។ ដើម្បីបង្កើតគំរូអប់រំបរិស្ថានសម្រាប់កុមារ និងមាតាបិតា Nature Center Risen នឹងជួយដល់ការអប់រំបរិស្ថាននៅក្នុងសាលាមត្តេយ្យក្នុងក្រុងព្រះសីហនុ។
ចំណែគម្រោងទីពីរ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ៤១០,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែល អនុវត្តដោយអង្គការសន្តិស្ម័គ្រចិត្ត។ ក្នុងគម្រោងនេះ មានសកម្មភាពចំនួនបីនឹងត្រូវបានអនុវត្ត៖ (១) ការកែលម្អអគារមតេយ្យសិក្សា និងសួនកុមារ (២) ការអភិវឌ្ឍសមត្ថភាពគ្រូមត្តេយ្យសិក្សា និងមន្ត្រីរដ្ឋបាលអប់រំ។ល។ និង (៣) ការលើកកម្ពស់ការយល់ដឹងរបស់មាតាបិតា ចំពោះការអប់រំកុមារតូច នៅក្នុងសាលាមត្តេយ្យរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
សម្រាប់គម្រោងទីបី រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រហែល ១៩០,០០០ ដុល្លារអាមេរិកសម្រាប់ គម្រោងដែលអនុវត្តដោយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និង មណ្ឌលសុខភាព ដោយដាក់មន្ទីរពេទ្យបង្អែកខេត្តក្រចេះជាមន្ទីរពេទ្យស្នូលសម្រាប់ការវះកាត់នៅ ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា។
ឯកឧត្តមភារៈធារី មានសុទិដ្ឋិនិយមថា តាមរយៈជំនួយឥតសំណងទាំងនេះ និងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅក្នុងតំបន់ទាំងនោះ កាន់តែប្រសើរឡើង ទាំងការអប់រំ កុមារតូចនិងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ៕