ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិករាជវង្សអារ៉ាប់រួម អញ្ជើញទស្សនាសមិទ្ធផលព្រះវិហារឥស្លាម នៅរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង របស់អារ៉ាប់រួម

110

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្ស អារ៉ាប់រួមអេមីរ៉េត និង សហការី ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស កាលពី ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញទស្សនា សមិទ្ធផលសាសនាសំខាន់ៗនៅរាជធានីភ្នំពេញ ដែលជាអំណោយសប្បុរសធម៏ របស់សប្បុរសជនប្រទេសអារ៉ាប់រួម ហើយក៏
ត្រូវបាន អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមកផងដែរ ។
ក្នុង ដំណើរទស្សនកិច្ចនោះ ព្រះអង្គបានអញ្ជើញទស្សនា
ព្រះវិហារឥស្លាម អាំម៉ើត ពិនយ៉ាសៀត នៅគីឡូម៉ែត្រ លេខ ០៩សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ជាបដិភាគថវិការបស់លោក ខាឡេត សារ៉ាហិលនៅក្រុងឌូបៃ ដែលសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ខែតុលា ឆ្នាំ១៩៩៧ ដោយសម្តេចតេជោ ហ៊ុន សែន និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ នេះ គឺជាព្រះវិហារឥស្លាមដំបូងគេបង្អស់ដែលសម្ដេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញសម្ពោធ។

សូមបញ្ជាក់ថា ៖ នៅជាប់របងព្រះវិហារមួយនេះ គឺជាសាលារៀនឌូបៃឥស្លាមភ្នំពេញ ដែលជាការឧបត្ថម្ភរបស់សប្បុរសជនអារ៉ាប់រួមផងដែរ ដែលមានចំនួន១០បន្ទប់ ដោយឃើញថាសាលារៀនមួយនេះមានសភាពចាស់ឌ្រុតឌ្រោម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧ ក្នុងឱកាសអញ្ជើញទទួលទានអាហារស្រាយបួសរ៉ាម៉ាឌនរបស់សាសនិកឥស្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់អគារសិក្សាថ្មី ជំនួសវិញ មានចំនួន ២៤បន្ទប់ ដែលបានសាងសង់ ហើយពេលនេះជិតរួចរាល់ជាស្ថាពរហើយ។ ព្រះវិហារឥស្លាម ហាជះ ម៉ារុីយ៉ុំ គីឡូម៉ែត្រលេខ ០៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ អំណោយ របស់ លោក អាប់ឌុល ហ្គាហ្វា អាល់ឃូរី នៅទីក្រុង អាពូដាពី សម្ដេចទាំងទ្វេបានសម្ពោធនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបបណ្ឌិត។ ព្រះវិហារធំអាល់សារកាល់ នៅបឹងកក់ ខណ្ឌដូនពេញ អំណោយរបស់ លោក អុីសា ពិនណាសៀត អាល់សារកាល់ នៅទីក្រុង ឌូបៃ ដែលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។ ការអញ្ជើញទស្សនាសមិទ្ធផលនានានេះ ធ្វើឡើងបន្ទាប់ពី ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum និងសហការីបានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង