រដ្ឋបាលជលផល បញ្ជាក់ពីស្ថានភាពនេសាទនៅត្រង់ភូមិសាស្ត្រ «កន្លុកបាយក្អែក» ដែលមើលឃើញឧបករណ៍នេសាទច្រើនពេញផ្ទៃទន្លេ
ភ្នំពេញ ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានចេញសេចក្ដីប្រកាសព័ត៌មានអំពីស្ថានភាពនេសាទនៅត្រង់ភូមិសាស្ត្រ «កន្លុកបាយក្អែក» ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក មានបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់របាំងសាច់អូននិងលបនៅក្នុងបឹងទន្លេសាប ករណីនេះរដ្ឋបាល ជលផលសូមធ្វើការបំភ្លឺដូចខាងក្រោម៖
១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា “កន្ទុកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។
២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះមានភាពធំទូលាយនិងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណី នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកត្រី បានគ្រប់គ្នា ដែលជាប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទំហំក្រឡានិងប្រវែងរបាំងសាច់ អូនតែងតែត្រូវបានត្រួតពិនិត្យជារឿយៗ។
៣. ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះគឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យកែទំហំក្រឡានិងប្រវែង របាំងសាច់អូនស្របតាមច្បាប់ស្តីពីផលផល។ រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធតែងតែធ្វើការត្រួតពិនិត្យទំហំក្រឡានៃ របាំងសាច់អួននិងកាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថតអាចឃើញបង្គោលដែល នៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្តាច់យកចេញរួចហើយ។
៤. មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់និងរក្សា ភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់នោះអាចមានលទ្ធភាព អាស្រ័យផលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែល ច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់។ ជាលទ្ធផលគណៈកម្មការអន្តរ ក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អូននិង ស្បៃមុងប្រវែង១ ៦៥០ ៦១៧ម៉ែត្រ លបនិងលូ១៥ ២២៩គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់១ ៤៧៣គ្រឿង អូនអូស ទឹកសាប៥៣វង់ អូនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្លក់រួមផ្សំភ្លើង១២៧គ្រឿង និងឈើបយន្ត២៣គ្រឿង។
ការបំភ្លឺនេះមានគោលដៅជម្រាបឱ្យសាធារណៈជនបានដឹងពីជីវភាពជាក់ស្តែងនៅក្នុងតំបន់ កន្ទុកបាយក្អែក ជៀស វាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹងទន្លេសាបទាំងមូល និងសកម្មភាពដែលរដ្ឋបាលជលផលបាន និងកំពុងអនុវត្តច្បាប់ ស្តីពីផលផល៕