រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ចំនួនពីរបន្ថែម ក្នុងរបៀបវារៈប្រជុំរដ្ឋសភាជាវិសាមញ្ញ នាថ្ងៃទី១ មីនាខាងមុខ
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័ត បញ្ចូលសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលគណៈកម្មាការជំនាញរដ្ឋសភាទើបបញ្ចប់ការពិនិត្យសិក្សា ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នាថ្ងៃទី១ខែមីនាឆ្នាំ២០២៤។
សេចក្តីព្រាងច្បាប់ទំាងពីរនេះមាន សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
ដូច្នេះសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ មានរបៀបវារៈចំនួនបី គឺ៖
១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។
២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
៣-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។