រដ្ឋមន្ត្រីការបរទេសលិចតិនស្តាញ នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៨ ខែកុម្ព ឆ្នាំ២០២៤ បានឲ្យដឹងថា , តបតាមការអញ្ជើញរបស់ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃ បុរីក្សត្រលិចតិនស្តាញ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ Dominique Hasler នឹងជួបជាមួយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ដើម្បីពិភាក្សាលើវិស័យនានានៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ចំណាប់អារម្មណ៍ និងកង្វល់រួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃបុរីក្សត្រលិចតិនស្តាញ ស្តីពីកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍។
ជាមួយគ្នានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកជំទាវ Dominique Hasler នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកជំទាវ ក៏នឹងអញ្ជើញចុះពិនិត្យគម្រោងនានាដែល គាំទ្រដោយការិយាល័យអភិវឌ្ឍន៍លិចតិនស្តាញនៅកម្ពុជា ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ Dominique Hasler នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ សំខាន់នៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សំដៅជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីជាផល ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕