ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខេត្តកំពង់ចាមមានតម្លាភាព គ្មានអំពើពុករលួយ មន្ត្រីមានភាពរួសរីយរាក់ទាក់

122

 

កំពង់ចាម៖កាលពីមុនប្រជាពលរដ្ឋស្នើសុំសេវាកម្មអ្វីមួយ ដែលមានពាក់ព័ន្ធទៅនឹងសមត្ថកិច្ចច្រើន គឺពួកគាត់ត្រូវទៅទំនាក់ទំនងផ្ទាល់ជាមួយសមត្ថកិច្ចច្រើនកន្លែង ប៉ុន្តែពេលនេះពួកគាត់គ្រាន់តែមកស្នើសុំសេវាទាំងនេះ នៅការិយាល័យច្រកចេញចូលតែមួយ ជាការស្រេច មិនពិបាកមិនចាយពេលវាច្រើន។

   លោកទូច បានលើកឡើងថា នៅពេលមានច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត បានសម្រួលច្រើនជូនពលរដ្ឋ នូវសេវា មិនសាំញ៉ាំមិនពិបាកទៅច្រើនកន្លែង កាត់បន្ថយចំណាយ។ ប៉ុន្តែលោកបានលើកឡើងថាដើម្បីបង្កភាពងាយស្រួល 

បង្កើនតម្លាភាពច្រកចេញចូលតែមួយ អាជ្ញាធរខេត្តគួររៀបចំឲ្យមានការបិទផ្សាយតារាងតម្លៃនៃសេវានីមួយៗឲ្យប្រជាពលរដ្ឋបានដឹង ដោយច្រកចេញចូលតែមួយខេត្តទើបតែ ចាប់ផ្តើមដំណើរការ និងឲ្យអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានដឹង ។ 

   លោកទូច បានបញ្ជាក់ថា ” វាងាយស្រួលរក មិនចាំបាច់ដើររក យើងចូលច្រកតែមួយទៅ ចង់ធ្វើការអ្វី ធ្វើការបានតែម្តង ដូចជាសៀវភៅការងារជាដើម ។ ប្រសិនបើជាមានការយកលុយ លើឯកសារផ្សេងៗ គួរតែអាចមានបិទតារាងនៅតាមច្រកទ្វារ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងថាត្រូវធ្វើឯកសារអ្វីមួយត្រូវអស់ប៉ុណ្ណេះ ដើម្បីងាយស្រួល ហើយមេឃុំ គាត់គួរតែចុះផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានយល់ដឹង ពីការងារនេះ ងាយស្រួលដល់ប្រជាពលរដ្ឋ និងងាយស្រួលដល់រាជរដ្ឋាភិបាលផង”។  

   លោករ័ត្ន គឹមហៃ មេឃុំអម្ពិល ស្រុកកំពង់សៀម  បានបញ្ជាក់ថា អាជ្ញាធរឃុំតែងតែធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋគ្រប់រូបភាព ជាពិសេស ការប្រជុំប្រចាំខែ របស់ឃុំតែម្តង ក្នុងការផ្តល់សេវាសាធារណៈ ច្រកចេញចូលតែមួយថ្នាក់ខេត្ត ។ 

   លោកថា យ៉ាងណាប្រជាពលរដ្ឋមួយចំនួន ហាក់មិនទាន់ដឹងនៅឡើយ ហើយបញ្ហានេះ លោកថាឃុំនឹងប្តេជ្ញាផ្សព្វផ្សាយបន្ថែមទៀតជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក ។ លោកមេឃុំ បានមានប្រសាសន៍ថា  ឥឡូវនេះនៅច្រកចេញចូលតែមួយរបស់ខេត្ត យើងបានផ្សព្វផ្សាយហើយ ហើយយើងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដោយបានប្រជុំប្រចាំខែនិងបានផ្សព្វផ្សាយនៅសាលាឃុំ  ហើយតាមរយៈលោកមេភូមិឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ 

   ទោះបីជាយ៉ាងណាប្រជាពលរដ្ឋមួយចំនួន មិនទាន់យល់ពីច្រកចេញចូលតែមួយយ៉ាងម៉េចនោះទេ ហើយយើងខិតខំធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានយល់ដឹង។  

   លោក ភូ វិបុលមន្រ្តីជួរមុខនៃអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ច្រកចេញចូលតែមួយខេត្តបានផ្តល់ភាពងាយស្រួលជាច្រើនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ។ ច្រកចេញចូលតែមួយខេត្ត បានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ជាពិសេសតាមបណ្តាញសង្គម។ លោកបានអះអាងថា ការផ្តល់សេវាមានតម្លាភាព គ្មានអំពើពុករលួយ កើតឡើងនោះទេ ព្រោះលោកបានបង្ហាញតារាងតម្លៃជូនប្រជាពលរដ្ឋគ្រប់គ្នា ដែលមកទទួលសេវា។ 

  លោកបានបញ្ជាក់ថា ” ប្រជាពលដ្ឋ បានមកទទួលយកសេវានៅច្រកចេញចូលតែមួយច្រើន ហើយពួកគាត់មានការយល់ដឹងច្រើន ។ ច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម បានបង្កើតផេកហ្វេសប៊ុកមួយ និងបានបង្កើតវេបសាយមួយ របស់រដ្ឋបាលខេត្តកំពង់ចាម ហើយបងប្អូនប្រជាពលរដ្ឋបានមករកសេវានៅទៅនេះហើយ និងលទ្ធផលសម្រេចក៏ត្រូវមកយកនៅទីនេះផងដែរ។ ពួកគាត់ និយាយថាមានភាពងាយស្រួលច្រើន និងបានកំណត់ពេលវេលាច្បាស់លាស់ ។ 

  លោកបានបញ្ជាក់ថា មន្រ្តីទាំងអស់នៅអង្គភាពច្រកចេញចូលតែមួយអត់មានអំពើពុករលួយ  ដោយសារតែមានតារាងបញ្ជាក់យ៉ាងច្បាស់លាស់ដាក់ចែកជូន ដើម្បីឲ្យប្រជាពលរដ្ឋបានមើល។ មានបញ្ហាលើតម្លៃសេវា ឬមានភាពយឺតយ៉ាវ ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ  រាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ គាត់អាចសរសេរឬអាចនិយាយផ្ទាល់ទៅដល់ ប្រធានការិយាល័យប្រជាពលរដ្ឋ ។

    លោកអ៊ុន ដារ៉ា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិយាយថា លោកមានតុពិសេសមួយសម្រាប់ឃ្លាំមើល ដំណើរការនៅច្រកចេញចូលតែមួយ បើមានបញ្ហាអ្វីមួយមិនប្រក្រតីកើតឡើង ឬក៏មិនពេញចិត្ត ចំពោះការការផ្តល់សេវាប្រជាពលរដ្ឋអាចផ្តល់ព័ត៌មានមកដល់ការិយាល័យប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយ លោកនឹងរក្សាការសម្ងាត់ជូនប្រជាពលរដ្ឋ។ 

   លោកបន្តថាមកដល់ពេលនេះ ការិយាល័យប្រជាពលរដ្ឋមិនទាន់ទទួលបានពាក្យប្តឹងពីប្រជាពលរដ្ឋនោះទេ។ ការងារច្រកចេញចូលតែមួយ ជាកន្លែងប្រមូលបណ្តុំសេវារដ្ឋបាលដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។ 

    មន្រ្តីដែលបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ពេញចិត្តនឹងផ្តល់សេវាជូនប្រជាពលរដ្ឋ ពេញចិត្តសប្បាយរីករាយ និងអាកប្បកិរិយា សុភាពរាបសា មិនប្រព្រឹត្តអំពើពុករលួយ ឬក៏ស៊ីសំណូកឡើយ។ ដើម្បីធានានូវតម្លាភាព តារាងតម្លៃសេវាត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងមានការិយាល័យប្រជាពលរដ្ឋ ដើម្បីឃ្លាំមើលភាពមិនប្រក្រតី ៕

អត្ថបទដែលជាប់ទាក់ទង