ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំក្រសួងការបរទេសកម្ពុជានិងអង់គ្លេស គូសបញ្ជាក់អំពីសារៈសំខាន់ នៃការអភិវឌ្ឍបន្ថែមទៀត លើវិស័យសំខាន់ៗមួយចំនួនដូចជា ពាណិជ្ជកម្ម ការវិនិយោគ ធនធានមនុស្ស ការអភិវឌ្ឍបៃតង និងថាមពលកកើតឡើងវិញ

27

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស, នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអភិវឌ្ឍបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួនដូចជាពាណិជ្ជកម្ម ការវិនិយោគ ធនធានមនុស្ស ការអភិវឌ្ឍបៃតង និងថាមពលកកើតឡើងវិញ។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានរំលឹកឡើងវិញអំពីខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន ដែលភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតការពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលអង់គ្លេសដែលបានផ្តល់ជំនួយ និងការគាំទ្រដល់កម្ពុជា ជាពិសេសការផ្តល់ជូនកម្ពុជានូវគម្រោង ពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងការទូតប្រពៃណី និងការទូតសភា។

លោកជំទាវ Anne-Marie Trevelyan បានមើលឃើញពីកាលានុវត្តន៍ភាពសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកជំទាវ មកកាន់ប្រទេសកម្ពុជា ហើយលោកជំទាវនឹងរាយការណ៍អំពីសក្តានុពលនេះ ជូនរដ្ឋាភិបាលអង់គ្លេស។ លោកជំទាវបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកសមិទ្ធផលជាច្រើន នៃព្រះរាជាណាចក្រអាស៊ីមួយនេះ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងជាកង្វល់រួម៕

អត្ថបទដែលជាប់ទាក់ទង