ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលរាជធានីដាក់ផែនការថ្មីមួយនៅពេលគោរពទង់ជាតិ នៅតាមសាលារៀនដែលធ្វើឡើង១សប្ដាហ៍២ដង អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន

77

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានដាក់ផែនការថ្មីនេះនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង ថ្លែងការអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការបំរើភាពសុខសាន្តជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរពស្រលាញ់និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើងរហូតមកដល់ពេលនេះ។

ចំពោះកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីពិនិត្យលើការងាររបស់យើងឡើងវិញ ថាតើនៅខ្វះខាត ចន្លោះប្រហោងអ្វីខ្លះ ដើម្បីយើងយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាពនិងការផ្តល់សេវាសាធារណៈជូនពួកគាត់ជាដើម។

ឯកឧត្ដមបន្តថា៖ការដោះស្រាយចរាចរណ៍ជារឿងមួយដែលយើងបានដោះស្រាយ ចោរឆក់ត្រូវបានទប់ស្កាត់និងកាត់បន្ថយបានច្រើន តែយើងក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលយើងរួមគ្នាដើម្បីអោយបានប្រសើរឡើង ដូចជាការទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងជាដើម។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ នៅរាជធានីភ្នំពេញមានមណ្ឌលកំសាន្តចំនួន៣៦៣ទីតាំងអាជីវកម្ម ដែលមាន ការ៉ាអូខេចំនួន២៧២ទីតាំង ក្លឹបចំនួន៤៦ទីតាំងនិងប៊ៀហ្គាឌិនចំនួន៤៥ទីតាំង។

ចំពោះទីតាំងអាជីវកម្មខាងលើនេះឯកឧត្ដមឃួង ស្រេង បានជំរុញអោយមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ ចំពោះគ្រឿងញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀនអោយបាន។បញ្ហាគ្រឿងញៀនត្រូវតែមានវិធានការលុបបំបាត់ មិនថាទីតាំងអាជីវកម្មខាងលើ នៅតាមសាលារៀននិងទីតាំងផ្សេងៗទៀតឡើយ គឺត្រូវរួមគ្នាដើម្បីលុបបំបាត់។

ឯកឧត្ដមឃួង ស្រេង ដាក់ផែនការថ្មីមួយនៅពេលគោរពទង់ជាតិ នៅតាមសាលារៀនដែលធ្វើឡើង១សប្ដាហ៍២ដង អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស ដើម្បីអោយពួកគាត់ ដើរអោយឆ្ងាយពីគ្រឿងញៀន ឆ្លើយថា ទេចំពោះគ្រឿងញៀន និងដើរអោយឆ្ងាយពីក្រុមបងតូច បងធំជាដើម។

ឯកឧត្ដមអភិបាលបញ្ជាក់ថា៖កាំមេរ៉ាសុវត្ថិភាពបានជួយលើការងារយើងសព្វបែបយ៉ាង ទាំងការងារសន្តិសុខ សុវត្ថិភាពនិងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ ត្រូវបន្តទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការបំផុស ផ្សព្វផ្សាយប្រជាពលរដ្ឋអោយបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គីភ័យបើយើងមិនមានការប្រុងប្រយ័ត្នខ្ពស់។
ឯកឧត្ដមបានជំរុញអោយអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តសហការជាមួយកងពលតូចលេខ៧០ ក្នុងចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។
សូមអោយអាជ្ញាធរខណ្ឌចុះមើលទីតាំង នៅមុខ សាលារៀន ភោជនីដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកយកកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលអោយមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំអោយកកស្ទះចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង