ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី ក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៤

36

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានចេញព្រះរាជសារក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៤។

សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា “នាឱកាសដ៏ល្អវិសេសវិសាលនៃខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំម្ចាស់ ខ្ញុំព្រះកុរណា ខ្ញុំ មានសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង សូមថ្វាយនូវសេចក្តីគោរពសក្ការៈសម្តេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ ព្រះអង្គ និងជម្រាបសួរសុខទុក្ខ ព្រមទាំងសូមផ្ញើសេចក្តីនឹករឭកដល់ បង ប្អូន កូនចៅ ចៅទួតទាំងអស់ នៅទូទាំងប្រទេស ដែលជានិច្ចកាលតែងតែនឹករឭក គោរពស្រឡាញ់ ផ្តល់នូវក្តីស្វាមីភ័ក្ត និងសេចក្តី កតញ្ញូដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរូបខ្ញុំព្រះករុណាផ្ទាល់ ដែលកាយវិការដ៏វិសេសវិសាលនេះ ធ្វើឱ្យខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ ចងចាំ និង គោរពស្រឡាញ់ មិនអាចបំភ្លេចបាន។

ក្នុងទិវាដ៏ថ្លៃថ្លានេះ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងសូមគាំទ្រការលើក យកប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដែលប្រធានបទនេះ ពិតជាមានសារ សំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង។

ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ បានកត់សម្គាល់ឃើញថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា បរិវត្តកម្មឌីជី ថល គឺជាការចាំបាច់ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមទំនើប ដែលមានពលរដ្ឋមានចំណេះដឹង និង ជំនាញខ្ពស់ដែលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលដោយប្រកាន់ភ្ជាប់នូវ មនសិការស្នេហាជាតិ រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែ សំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងផ្សាភ្ជាប់រវាងប្រទេសនិងប្រទេស សង្គមនិងសង្គម
មនុស្សនិងមនុស្ស ព្រមទាំងបង្កើនផលិតភាព និងជំរុញពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារ សំដៅជំរុញ វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមជាតិ និងពិភពលោកឱ្យកាន់តែរីកចម្រើនថែមទៀត។

ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់នៃ សុខសន្តិភាពពេញលេញបរិបូរណ៍ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃ ធ្វើឱ្យប្រជា រាស្ត្រ ជាកូនចៅ ចៅទួត គ្រប់ជាតិសាសន៍បានរស់នៅដោយភាពសុខដុមរមនា ជីវភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង គ្មានការរើសអើង មានសិទ្ធិ សេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និង ទំនៀមទម្លាប់ប្រពៃណី។ ទន្ទឹមនឹងនេះ ខ្ញុំ សូមកោតសរសើរ និងអរគុណដល់ សម្តេចអគ្គព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំដ៏វាងវៃកម្មវិធីមនុស្សធម៌ និង សកម្មភាពនៅក្នុងវិស័យសុខាភិបាល ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពងាយរង គ្រោះរបស់ប្រជារាស្ត្រក្នុងគោលបំណងមិនទុកនរណាម្នាក់ ឱ្យនៅឯកោ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។

ជាមួយនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បូកផ្សំនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ បានជំរុញឱ្យបណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងនោះ ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាកាលានុ វត្តភាពមួយដ៏ចម្បង ដើម្បីជំរុញប្រភពកំណើនថ្មីសំដៅឈានទៅសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយ ប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះតម្រូវឱ្យព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំខ្លួនជាស្រេចសម្រាប់ការ ឆ្លើយតបនឹងការវិវត្តដ៏ឆាប់រហ័សនេះ ក្នុងនោះប្រជារាស្ត្រត្រូវមានចំណេះដឹងផ្នែកឌីជីថល ដើម្បីក្លាយ ទៅជាពលរដ្ឋឌីជីថល។

រាជរដ្ឋាភិបាលអាណត្តិថ្មី បាននឹងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងវិធាន ការចាំបាច់ដើម្បីបណ្តុះបណ្តាល និងកសាងមូលធនមនុស្សលើវិស័យឌីជីថល ក្នុងនោះ មាតាបិតា និង អាណាព្យាបាល គឺជាតួអង្គដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការតម្រង់ទិសកូនចៅ ជាពិសេសស្ត្រីនិងក្មេង ស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គម។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំ សូមសម្តែងការកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន

ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ សម្ដេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមអរគុណដ៏ជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ជាតិ និងអន្តរជាតិទាំងអស់ដែលបាននឹងបន្តខិតខំប្រឹងប្រែងចូលរួមអនុវត្តន៍គោលនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី សំដៅកសាងមូលដ្ឋានឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។

ខ្ញុំ សូមសរសើរ និងគាំទ្រក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ ភារកិច្ចដ៏ថ្លៃថ្លា ដើម្បីស្រ្តី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការ ទទួលស្គាល់ ផ្តល់តម្លៃ និងចាត់ទុកស្ត្រី ក្មេងស្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គម ព្រម ទាំងជំរុញ លើកទឹកចិត្ត កសាង និងអភិវឌ្ឍន៍សមត្ថភាពស្ត្រីក៏ដូចជាការផ្តល់ឱកាសឱ្យពួកគេចូលរួមប្រកប ដោយសមភាព និងសមធម៌ក្នុងគ្រប់ការងារនៅគ្រប់វិស័យ។ ខ្ញុំ សូមអំពាវនាវ និងលើកទឹកចិត្តឱ្យរាជរដ្ឋា ភិបាល និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារជាបន្តទៀតដើម្បីវិបុលភាព និងសេចក្តី សុខចម្រើនរបស់ជនរួមជាតិយើង “៕

អត្ថបទដែលជាប់ទាក់ទង