ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលរាជធានីថា៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ

70

ភ្នំពេញ៖ឯកឧត្ដមអភិបាលរាជធានីភ្នំពេញថ្លែងថា៖ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលជាប្រធានបទមួយ មានគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការ វិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

ពិធីខាងលើនេះក្រោមអធិបតីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានលើកឡើងទៀតថា៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពគ្រប់លំដាប់ថ្នាក់។

ឯកឧត្ដមអភិបាល ថា៖បងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិពី ដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាច នឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។
ឯកឧត្ដមបញ្ជាក់ថា៖បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្ត ទុកដាក់លើទុរគតជន-ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

ឯកឧត្ដមបន្តទៀតថា ៖នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខណ្ឌសរុបចំនួន ២៩៧ រូប ក្នុងនោះ៖ នារីមាន ចំនួន ១០៣ រូប ស្មើនឹង ៣៤,៧% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី អភិបាលរងរាជធានី នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព និងថ្នាក់ការិយាល័យ ដោយបានបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យ៉ាងសកម្មបំផុត។

ឯកឧត្ដមឃួង ស្រេង លើកឡើងទៀតថា៖នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា បានដើរតួនាទីកាន់តែសំខាន់ សម្រួល ដល់ការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់រវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ប្រទេសនិងប្រទេស គាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ប៉ុន្តែ ភាពរីកចម្រើន និងភាពសម្បូរបែបក្នុងបរិវត្តកម្មឌីជីថលនេះ មនុស្សគ្រប់ ប្រភេទ និងគ្រប់អាយុ ជាពិសេសស្ត្រី និងក្មេងស្រី អាចនឹងក្លាយជាជនរងគ្រោះ ប្រសិនបើពួកគេមិនបានយល់ដឹងអំពី ល្បិចបច្ចេកវិទ្យា ខ្វះ៖សមត្ថភាពវិភាគ ឬ ខ្វះការការពារពីក្រុមគ្រួសារ និងសង្គមជាតិ ដូចជា ការឆបោកតាមប្រព័ន្ធឌីជីថល ការជួញដូរស្ត្រី-ក្មេងស្រី និងការបៀតបៀនតាមរូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ជាដើម។
គួរបញ្ជាក់ថា៖ បងប្អូននារី បំរើការងារនៅសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ,នៅមន្ទីរបក្សរាជធានីនិងនៅសាលារាជធានីសរុបចំនួន២៦៥នាក់ ដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានប្រាក់ឧបត្ថមពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង