ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី៤ខែមីនាឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ ហើយឯកឧត្តមហាមយកយានយន្តពាក់ផ្លាកលេខនគរបាលជាតិ ចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំង ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត» ។
ក្រសួងមហាផ្ទៃបានដាក់ចេញលិខិតបទដ្ឋានគតិយុត្តណែនាំជាបន្តបន្ទាប់ ជាពិសេសប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយាន យន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់យាន យន្តគ្រប់ប្រភេទដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ។
ប៉ុន្តែថ្មីៗនេះ សង្កេតឃើញមានបុគ្គលមួយចំនួនតូចបានប្រើប្រាស់ដោយខុសលក្ខណការណ៍កំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្រប ដែលនាំឱ្យប៉ះពាល់ដល់ កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ ។
ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំង ស្នងការដ្ឋានរាជធានី ខេត្ត ដូចខាងក្រោម៖
១. ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពតាមប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្ត គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រើប្រាស់យាន យន្តនគរបាលជាតិ។
២. ត្រូវធ្វើការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវយានយន្តប្រើផ្លាកលេខនគរបាលជាតិក្នុង អង្គភាព។ ក្នុងករណីមានការបញ្ឈប់ប្រើប្រាស់យានយន្តណាមួយត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាននគរបាលចរាចរណ៏និងសណ្ដាប់ធ្នាប់ សាធារណៈ) ដើម្បីលុបចេញពីបញ្ជីជាបន្ទាន់ ។
៣. ហាមឃាត់រាល់សកម្មភាពប្រើប្រាស់យានយន្តនគរបាលជាតិ ដូចខាងក្រោម៖
យកផ្លាកលេខពីយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់យានយន្តផ្សេងទៀត យកយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្មផ្សេងៗមានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋយកយានយន្តនគរបាលជាតិទៅឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់
យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំង ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត
យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ
ប្រើប្រាស់យានយន្តនគរបាលជាតិដែលហួសសុពលភាព នៃកាលកំណត់ក្នុងបណ្ណសម្គាល់ យានយន្ត។
៤. អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះករណីខុស ឆ្គងក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ ព្រមទាំងបូកសរុបរាយការណ៍ប្រចាំត្រីមាស និងរាយការណ៍ ក្នុងករណីចាំបាច់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍ដឹកនាំ។
ទទួលបានសេចក្តីណែនាំនេះ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និង ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមើលឃើញថា មួយរយៈពេលចុងក្រោយនេះ ការផ្លាកលេខនគរបាលទាំងរថយន្ដ និងម៉ូតូមួយចំនួនខុសពីការកំណត់ ដោយអ្នកខ្លះទៅធ្វើការងារជាឯកជនប៉ុន្ដែជិះមធ្យោបាយដែលបំពាក់លេខនគរបាល។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ នប ខុសរឿង។ នប មួយចំនួនជិះទៅធ្វើការកាស៉ីណូ ហើយកាលពីមុនជិះទៅឈប់មុខ KTV អញ្ចឹងឡានហ្នឹងមិនអាចឲ្យខ្ចីទៅលើអ្នកណាម្នាក់ទៀត សូមប្រើប្រាស់ឲ្យចំមុខ ចំជំនាញ»។
ក្នុងន័យនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខនបនេះ។ ក្នុងករណីចាំបាច់បើប្រព្រឹត្តខុសច្បាប់ ហើយដកផ្លាកលេខមក ហើយឲ្យម្ចាស់ឡានទៅបង់ពន្ធតាមច្បាប់។ ឯកឧត្តមអះអាងថា ផ្លាកលេខ នប គឺបម្រើឲ្យសមត្ថកិច្ចបម្រើឲ្យអង្គភាពតែប៉ុណ្ណោះ៕