ក្រសួងការបរទេស ៖ លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី
ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយក រដ្ឋមន្ត្រីអូស្ត្រាលី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤។
ប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលី បានពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការក្រោម សសរស្ដម្ភសហគមន៍ទាំងបីរបស់អាស៊ាន ក្នុងរយៈពេល ៥០ឆ្នាំកន្លងមក ជាពិសេសវឌ្ឍនភាព សម្រេចបានសំខាន់ៗ បន្ទាប់ពីការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២១ ព្រមទាំងបានកំណត់ទិសដៅអនាគតសម្រាប់តំបន់ទាំងពីរ ទន្ទឹមនឹងការបញ្ចប់ឱ្យបានឆាប់នូវផែនការ សកម្មភាពថ្មី (២០២៥-២០២៩)។ កិច្ចប្រជុំកំពូលពិសេសបានអនុម័តឯកសារចំនួនពីរ៖ ១) សេចក្តី ប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី៖ ដៃគូសម្រាប់សន្តិភាព និងវិបុលភាព, និង ២) សេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន៖ ភាពជាដៃគូសម្រាប់អនាគត។
នៅក្នុងកិច្ចប្រជុំកំពូលពិសេស សម្តេចធិបតី បានគូសបង្ហាញថា ដោយការផ្សារភ្ជាប់គ្នានៃ កត្តាភូមិសាស្រ្តនិងលក្ខណៈរួមគ្នា អាស៊ាននិងអូស្ត្រាលីគឺជាដៃគូដ៏ស្និទ្ធស្នាល។ ចាប់តាំងពីបានក្លាយ ជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ទំនាក់ទំនងអាស៊ាន-អូស្ត្រាលីបានរីកលូតលាស់កាន់តែ ខ្លាំងឡើងៗជាលំដាប់ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជនរបស់យើង និងឈាន ដល់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១។ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី តែងតែឈរលើបំណងប្រាថ្នារួម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿជាក់គ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
អាស្រ័យដោយអាស៊ាននិងអូស្ត្រាលីមានសក្តានុពលកំណើនសេដ្ឋកិច្ចដ៏ត្រចះត្រចង់ដូចគ្នា សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មពហុភាគីដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន- អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម និងទន្ទឹងការចូលជាធរមាននៃពិធីសារទីពីរដើម្បីធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា។ សម្តេចធិបតី ក៏បានស្វាគមន៍ការផ្តោតការយកចិត្តទុកដាក់របស់ អូស្ត្រាលីក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ជាមួយតំបន់អាស៊ីអាគ្នេយ៍ និងការដាក់ចេញនូវរបាយ ការណ៍ស្តីពី «វិនិយោគ៖ យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្ពោះទៅឆ្នាំ២០៤០-។
សម្តេចធិបតី បានលើកឡើងនូវតម្រូវការបន្តពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយបានបញ្ជាក់ថា ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីការអប់រំ ប្រកបដោយគុណភាពខ្ពស់របស់អូស្ត្រាលី តាមរយៈអាហារូបករណ៏អូស្ត្រាលីសម្រាប់អាស៊ាន, អូស្ត្រាលី សម្រាប់គំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលអាស៊ាននិងជំនាញសម្រាប់ពេលអនាគត, និងអាហារូបករណ៍ អូស្ត្រាលី Awards។ សម្តេចធិបតី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អូស្ត្រាលី ចំពោះភាពជា ដៃគូអូស្ត្រាលីសម្រាប់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងចំពោះការគាំទ្ររបស់ខ្លួនដល់កម្មវិធីពង្រឹង សមត្ថភាពមន្ត្រីរាជការកម្ពុជា និងវិស័យឯកជនក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។
នៅក្នុងសម័យប្រជុំចង្អៀតប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលីក៏បានពិភាក្សាលើបញ្ហាជា យុទ្ធសាស្ត្រ ដែលជាកង្វល់ និងផលប្រយោជន៍រួម និងវិធីសាស្ត្រដែលអាស៊ាន និងអូស្ត្រាលីអាចធ្វើការ រួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានកិច្ចប្រឹងប្រែងបន្ថែម ទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រឹង ពហុភាគីនិយមដែលសេរី បើកចំហ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងផ្អែកលើវិធានច្បាប់។ បន្ថែមពីលើ នេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនា ការទំនាក់ទំនង និងវិធានការ កសាងជំនឿទុកចិត្តគ្នា ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងសាកលលោក។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ៦រូបគឺ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្ដម Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម Christopher Luxon Suome រដ្ឋមន្ត្រីនូវែលសេឡង់ និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។