គិតត្រឹមយប់ថ្ងៃទី៦ ខែមីនា ក្រុមការងារបានបាញ់ថ្នាំនៅតាមសង្តាត់ចំនួន ៨១ សង្កាត់ ស្ថិតនៅក្នុងខណ្ឌចំនួន១២
ភ្នំពេញ ៖ គិតត្រឹម យប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមការងារបានបាញ់ថ្នាំនៅតាមសង្តាត់ចំនួន ៨១ សង្កាត់ ដែលស្ថិតនៅក្នុងខណ្ឌចំនួន១២។ យុទ្ធនាការនេះគ្រោងនឹងបាញ់សម្លាប់មូសខ្លានៅទូទាំង១៤ខណ្ឌតែម្តង សំដៅធ្វើយ៉ាងណា លុបបំបាត់មូសខ្លានិងកាត់បន្ថយអោយឲ្យបាននូវជំងឺគ្រុនឈាម។
លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអោយដឹងថា៖ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំ មន្ទីរ សុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយកងទ័ពអង្គភាព ង៧០ និងរដ្ឋបាលខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ២០២៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
នៅព្រលប់ថ្ងៃទី០៦ ខែមិនា ម្សិលម៉ិញក្រុមការងារបានបាញ់ថ្នាំសម្លាប់មូសនៅសង្កាត់ផ្សារថ្មីទី១ ទី២ ជ័យជម្នះ បឹងរាំង ចតុមុខ និងផ្សារកណ្តាលទី១ ។
លោកបន្តថា គិតត្រឹម យប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ ក្រុមការងារបានបាញ់ថ្នាំនៅតាមសង្តាត់ចំនួន ៨១ សង្កាត់ ដែលស្តិតនៅក្នុងខណ្ឌចំនួន១២។ យើងបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌចំនួន៨ ហើយ ក្នុងនោះរួមមានខណ្ឌសែនសុខ ពោធិ៍សែនជ័យ មានជ័យ ដង្កោ ទួលគោក ព្រែកព្នៅ បឹងកេងកង និងខណ្ឌដូនពេញ។
គួររំលឹកថា៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងមកនេះបានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម៕