ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា ១៩៥៣ – ៩ វិចិ្ឆកា ២០១៨

148


ភ្នំពេញ ៖ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកពីការទទួលបានឯករាជ្យ ពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ នៃការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៦៥ នៃការដណ្តើមបានឯករាជ្យ នៅមុខព្រះបរមរាជវាំង ដោយមានការចូលរួមពីមហាជន និងការដើរព្យុះហយាត្រាផ្សេងទៀត។

បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge បានផ្សាយនូវព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋថា “ជនរួមជាតិជាទីស្នេហា​ !​
ក្នុងជីវភាពប្រទេសជាតិនីមួយៗ​ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ​​​ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ​ និង​​
សុភមង្គលទាំងទ្បាយដទៃទៀត ។ អាវុធដ៏សំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យនិង អនាគតយើងពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើង​ គួរឲ្យ​វេទនារបស់កងទ័ពយើងនោះទេ ។ ​អាវុធនោះ គឺ ការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង ។​ ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះ
នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លង​សមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល ។​ ជយោ​ !​ កម្ពុជាឯករាជ្យ ! រាជធានីភ្នំពេញថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ១៩៦២។ ព្រះរាជឱង្ការនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម​ សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជបូនីយកិច្ចសង្ខេប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកាទាមទារឯករាជ្យ ពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា ។
ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យ ដ៏ពេញលេញបរិបូរណ៍ ពីសាធារណរដ្ឋបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជា ក្រោយពីទទួលបានឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះ ដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា កោះសន្តិភាពនាអាស៊ីអាគ្នេយ៍ ។
កូនចៅប្រជានុរាស្រ្តគ្រប់រូប សូមចងចាំនឹងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា “។

កម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥ នៅពេលនេះ គឺស្ថិតក្នុងបរិបទមួយដែលកម្ពុជា បានបង្ហាញភាពចាស់ទុំទាំងផ្នែកនយោបាយ ការទូត ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកំណើនផ្នែកសេដ្ឋកិច្ចទៅដល់ពិភពលោក និងប្រាប់ពិភពលោកថាកម្ពុជាគឺជារដ្ឋឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី មានសិទ្ធិពេញលេញក្នុងការចាត់ចែងវាសនាជាតិរបស់ខ្លួន និងមិនត្រូវបន្តព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ទៀតឡើយ។

កម្ពុជានៅពេលនេះបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិក្រោមបរិយាកាសវិជ្ជមាន និងមោទនភាព។ មោទនភាពតាមរយៈ៖ ទី១) ពលរដ្ឋខ្មែរជាង ៨៣% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៨,៣លាននាក់បានអញ្ជើញទៅបោះឆ្នោត ហើយពលរដ្ឋ ៧៧% បានជ្រើសរើសគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសការពារសន្តិភាព និងការអភិវឌ្ឍ និងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទី២) កម្ពុជាត្រូវបានទទួលស្គាល់ថាបានដើរតួនាទីសំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោកតាមរយៈតួនាទីជា ច្រើនដែលកម្ពុជាទទួលបាន ហើយទំនាក់ទំនងការទូតជាមួយប្រទេសនានាគឺធ្វើឡើងក្នុងភាពជាដៃគូដោយ ស្មើសិទ្ធិនិងស្មើភាព៕


ខាងក្រោមនេះជាជីវប្រវត្តិនៃការតស៊ូដើម្បីដណ្តើមឯករាជ្យពីបារាំង៖

អត្ថបទដែលជាប់ទាក់ទង