ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌ ចេញសេចក្តីព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

146

 

រាជធានីភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង ម៉ៅ ហាជី យកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងរងការរិះគន់ពីមហាជនយ៉ាងខ្លាំងនោះ លោកជំទាវបណ្ឌិតសភាចារ្យ គ្រឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២៤ បានចេញលិខិតជម្រាបមកលោកជំទាវ ជួប មាន អគ្គនាយិកាផលិតកម្ម ថោន អេនធើធេនមេន ក្នុងកម្មវត្ថុ៖ សេចក្តីព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយ លើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ ( សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។

ផលិតកម្ម ផលិតកម្ម ថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទ ចម្រៀងខាងលើនេះតាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជនចំពោះ កំហុសដែល បានកើតឡើងខាងលើនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សូមអំពាវនាវដល់គ្រប់ផលិតកម្ម សូមគោរពឱ្យបាន ម៉ឹងម៉ាត់នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម និងកិត្តិយសរបស់ជាតិ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ។

សូមជម្រាបថា តារាចម្រៀង ម៉ៅ ហាជី បានយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។ លោក ម៉ៅ ហាជី បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម៕

អត្ថបទដែលជាប់ទាក់ទង