ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្ត្រី ក៏អាអាចធ្វើបានក្នុងវិស័យឌីជីថលប្រកបដោយសុវត្ថិភាពដែរ

57

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ស្ត្រី ក៏អាចធ្វើអ្វីៗបានក្នុងវិស័យឌីជីថលប្រកបដោយសុវត្ថិភាពផងដែរ បើទោះបីសម្លេងស្ដ្រីមានតិចជាងបុរស នៅជួរដ្ឋាភិបាល តែស្ដ្រីក៏អាចសម្រេចកិច្ចការធំៗបាន ដូចបុរស ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន បានពាំនាំផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។

សម្តេចកិត្ដិសង្គហបណ្ឌិត បានថ្លែងសរសើរចំពោះនារីគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានអនុវត្តតាមតួនាទីភារកិច្ចរបស់ក្រសួង និងសមាគមនារី ដែលបានដាក់ចេញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ សម្តេចបានបន្តទៀតថា ទោះបីជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏ត្រូវពង្រឹង បន្ថែមទៀត នូវសមត្ថភាពមន្រ្តីរាជការ លើវិស័យព័ត៌មានវិទ្យា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមមូលបទដែលបានដាក់ចេញនៅក្នុងឆ្នាំនេះ ។ សម្រាប់នារីដែល បានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់ ១ និងថវិកា ១០ម៉ឺនរៀលផងដែរ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង