ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING នៅសង្កាត់ចតុមុខ ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់

82

 

រាជធានីភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២៖០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត City of Starry Sky ជាអតីតក្លិបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់បានបង្ក្រាបម្តងរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះ ក្លិបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល។

ឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៨៧នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស បានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់ បើតាមការប៉ាន់ស្មានបឋមប្រមាណ ៣គីឡូក្រាម។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

គួររំលឹកថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម។ ពេលនេះមិនទាន់បានប៉ុន្មានខែផង ស្រាប់តែទីតាំងកម្សាន្តនេះប្តូរឈ្មោះ និងលួចបង្កប់ ការចែកចាយប្រើប្រាស់គ្រឿងញៀនដដែល៕

អត្ថបទដែលជាប់ទាក់ទង