ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹង ករណីក្មេងស្រីម្នាក់អាយុ១៦ឆ្នាំ ដែលបានចាញ់បោកមេខ្យល់យកទៅលក់នៅឯប្រទេសចិន

63

 

ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ មានគេហទំព័រគណនីអាខោនហ្វេសប៊ុកឈ្មោះ នាង ធីដា បានបង្ហោះ វីដេអូឃ្លីប ភ្ជាប់ជាមួយគេហទំព័រគណនីអាខោនហ្វេសប៊ុក លី ណា ដែលមានខ្លឹមសារថា “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំ មានឈ្មោះថា ភិជា មានអាយុ ១៦ឆ្នាំ ហើយអ្នកខេត្តត្បូងឃ្មុំ អ្នកស្រុក ក្រូចឆ្មារ អ្នកភូមិខ្សាច់ប្រឆេះក្រោម ឥឡូវហ្នឹងខ្ញុំ បានចាញ់បោកគេ ហើយមេខ្យល់យកខ្ញុំមកលក់នៅឯ ប្រទេសចិន គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែគេយក ខ្ញុំមកលក់ ហើយគេយកខ្ញុំមកយកប្តីចិន គេចាប់ខ្ញុំឃុំ ៦ខែ ហើយ គេចាក់សោរពីក្រៅទៀត អញ្ចឹងខ្ញុំមានតែម្រាមដៃ ១០ សំពះសុំជំនួយ៍សម្តេចយាយ សម្ដេចត់ សម្ដេច ហ៊ុន សែន ជួយកូនចៅទៅវិញផង។

ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខេត្តត្បូងឃ្មុំ មិនបង្អង់ និងបានចាត់ស្នងការនគរបាលខេត្ត សហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យ ស្រាវជ្រាវជាបន្ទាន់ភ្លាមៗ និងជួបឈ្មោះ រ៉ុម គន្ធា ភេទ ស្រី អាយុ ៣១ឆ្នាំ ដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ (រុំ ភិជា) បានរៀបរាប់បញ្ជាក់ប្រាប់កម្លាំង នគរបាលជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ថាកាលពីកំឡុងដើមឆ្នាំ២០២៣ ប្អូនស្រីរបស់គាត់ ដែល មានឈ្មោះ រុំ ភិផា ភេទស្រី កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ មានទីលំនៅបច្ចុប្បន្នភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកដមែន គឺបានចេញពីផ្ទះទៅរាជធានីភ្នំពេញ ដើម្បីធ្វើការ រោងចក្រកាត់ដេរ នឹងតែងតែផ្ញើប្រាក់ខែមកឧបត្ថម្ភគ្រួសារជាប្រចាំរាល់ខែ លុះ ៥-៦ខែក្រោយមកស្រាប់តែ បាត់មិនឃើញ និងទាក់ទងលែងបានតែម្តង។ ពេលនោះគាត់(បងស្រីបង្កើត) និងក្រុមគ្រួសារពុំបានរាយការណ៍ មកសមត្ថកិច្ចនោះទេ ដោយគិតថាគាត់(ជនរងគ្រោះ) ខឹងនរណាម្នាក់ក្នុងគ្រួសារ ឬមានសង្សា មិនឱ្យគ្រួសារ ដឹងជាដើម ទើបនៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ ក៏បានឃើញមានការផុសវីដេអូឃ្លីបរបស់គាត់ (ជនរងគ្រោះនៅខេត្តលីសូយជីញបាន ប្រទេសចិន) និងបានប្ដឹងរាយការណ៍មកសមត្ថកិច្ចតែម្ដង។ ដូចនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បាននឹងកំពុងទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយនឹងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ និង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្តល់ព័ត៌មានដល់ស្ថានទូតសាធារណរដ្ឋប្រជា មានិតចិន ប្រចាំប្រទេសកម្ពុជា ធ្វើការស្រាវជ្រាវ និងជួយសង្គ្រោះក្មេងស្រីរងគ្រោះ ឱ្យបានត្រឡប់មក ប្រទេសកំណើតវិញ ព្រមទាំងស្វែងរកមេខ្យល់ មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង