បណ្ឌិត គី សេរីវឌ្ឍន៍ ៖ កម្ពុជាគួរងាយមករកផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត ដើម្បីរក្សាភាពធន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» ដែលរៀបចំឡើងដោយក្លឹប អ្នកកាសែតកម្ពុជា។
លោកបណ្ឌិតបានថ្លែង អំពីការស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២៣ និងការប្រមើលមើលសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ រួមទាំងវិស័យដែលអាចឡើងវិញ និងវិស័យដែលនៅតែមានបញ្ហាប្រឈមផងដែរ។
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បញ្ហាប្រឈមដែល SME កម្ពុជា ជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការចំណាយថ្លៃដើមខ្ពស់ ជាឧបសគ្គ ធ្វើឱ្យពិបាកប្រកួតប្រជែងទីផ្សារ ជាពិសេសជាមួយប្រទេសជិតខាង។
លោកបានលើកឡើងបន្ថែមថា ទោះបីជាថ្លៃអគ្គិសនី មិនរួមចំណែកទៅក្នុងថ្លៃដើមថ្លៃច្រើនក៏ដោយ ក៏ប៉ុន្តែបើធៀបជាមួយនឹងប្រទេសផ្សេងៗ ថ្លៃដើមក៏នៅតែខ្ពស់។ ជាមួយគ្នានេះ វត្ថុធាតុដើមមួយចំនួន គឺនាំចូលពីក្រៅប្រទេស និងរៀនពីបច្ចេកទេសផលិតពីអ្នកជំនាញរបស់គេ ហេតុនេះហើយសហគ្រាសក្នុងស្រុកពិបាកនឹងមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយគេណាស់។
ទន្ទឹមគ្នានេះ អ្នកផលិតរបស់កម្ពុជា មិនបានស្វែងយល់ច្រើនទាក់ទងនឹងប្រភេទនៃសារធាតុគីមីថាមួយណាអាចប្រើប្រាស់បាន និងមានកម្រិតនៃផលប៉ះពាល់កម្រិតណា ដោយភាគច្រើនអនុវត្តបច្ចេកទេស ពីអ្នកជំនាញពីប្រទេសជិតខាង។
លោកគូសបញ្ជាក់ថា សម្រាប់ករណីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស ដល់ផលិតករ និងម្ចាស់សហគ្រាសនៅកម្ពុជា ដើម្បីបង្កើនជំនាញផលិតរបស់ពួកគេ។
លោកលើកឡើងទៀតថា ដើម្បីឱ្យមានថ្លៃដើមទាប ទាមទារឱ្យមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងស្នើឱ្យមានការកែប្រព័ន្ធអភិបាលកិច្ចឱ្យបានលឿន ដើម្បីជួយទៅដល់ SME កម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាគួរងាយមករកផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត ដើម្បីរក្សាភាពធន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាគួរតែងាកចេញ ទៅរកពិពិធកម្មផលិតឧស្សាហកម្ម ក្រៅតែពីវិស័យឧស្សាហកម្មកាត់ដេរ ឲ្យចេញមកឧស្សាហកម្មអេឡិចត្រូនិក, មកចេញឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ដ ដែលដើរតួរនាទីសំខាន់ ក៏ប៉ុន្ដែអ្វីដែលខ្វះ គឺយើងខ្វះការផលិតវត្ថុធាតុដើម សម្រាប់បំពេញគ្រឿងបង្គុំ យើងនៅខ្វះច្រើនណាស់ យើងលក់តែវត្ថុធាតុដើមចេញ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ទិសដៅរាជរដ្ឋាភិបាល ដែលបណ្តុះបណ្តាលកម្មករជំនាញបច្ចេកទេស ១.៥លាននាក់ គឺធ្វើត្រូវ ប៉ុន្ដែទើបតែចាប់ផ្ដើម ដូច្នេះត្រូវតែជំរុញឲ្យបានស៊ីជម្រៅជាងនេះ ហើយងាកចេញពីការផលិតឲ្យមកការផលិតឧស្សាហកម្មទាំងឡាយណា ដែលប្រើបច្ចេកវិទ្យាឲ្យបានច្រើន គឺត្រូវតែបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យបានច្រើន និងត្រូវពង្រឹងគុណភាពអប់រំ ចាប់ពីតូចឡើងទៅ។
បណ្ឌិត គី សេរីវឌ្ឍន៍ សូមលើកទឹកចិត្ដ ឲ្យមានការផលិតគ្រឿងបង្គុំនេះឲ្យបានច្រើន ដូចប្រទេសចិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕