ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា តែ តាំងប៉ ស្នើឱ្យមានការទប់ស្កាត់ការនាំចូលទំនិញ មកពីប្រទេសជិតខាង ជាពិសេសទំនិញដែលគ្មានគុណភាព

101

 

ភ្នំពេញ៖ ​ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា បានថ្លែងថា ផលិតផលខ្មែរមានគុណភាពល្អ មិនចាញ់ប្រទេសជិតខាងនោះទេ ​ខណៈ​​ប្រភេទទំនិញវិញ ក៏​មាន​សម្បូរបែប សម្រាប់បម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

ឧកញ៉ា តែ តាំងប៉ អះអាងបែនេះធ្វើឡើងក្នុងវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» ដែលរៀបចំឡើងដោយក្លឹប អ្នកកាសែតកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

លោកបានថ្លែងបន្តថា ស្របពេលដែលការផលិតរបស់កម្ពុជា កាន់តែប្រសើរឡើង ប៉ុន្តែយ៉ាងនេះក្តី ទីផ្សារផលិតផលកម្ពុជា ហាក់មានភាពចង្អៀត ជាពិសេសនៅទីផ្សារអន្តរជាតិ។

​ឧកញ៉ា តែ តាំងប៉ បានឱ្យដឹងផងដែរថា ក្នុងថ្ងៃទិវាសហគ្រាសធុនតូច និងមធ្យម (SEM Day) នាពេលខាងមុខ នឹងមានការតាំងបង្ហាញផលិតផលខ្មែរប្រមាណ ៥០០មុខ។

លោកអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក រួមគ្នាធ្វើទីផ្សារ និងផ្សព្វផ្សាយ​ទៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញឱ្យបានកាន់តែច្រើន។ ស្របពេលជាមួយគ្នានេះ លោកបានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយ ដើម្បីនាំចេញផលិតផលខ្មែរ ទៅលក់នៅក្រៅប្រទេសផងដែរ។

ទន្ទឹមគ្នានេះ លោកស្នើឱ្យមានការទប់ស្កាត់ការនាំចូលទំនិញមកពីប្រទេសជិតខាង ជាពិសេសទំនិញដែលគ្មានគុណភាព។

បើតាមឧកញ៉ា តែ តាំងប៉ បច្ចុប្បន្ននេះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​បានកើនឡើងដល់ ៧០ម៉ឺនសហគ្រាស​ ក្នុងនោះជាង ៤ម៉ឺនសហគ្រាសបានចុះបញ្ជី​ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផលិតផលរបស់សហគ្រាសទាំងនោះមួយចំនួន មាន​លក់ផលិតផលនៅក្នុងម៉ាត និងផ្សារទំនើប៕​

អត្ថបទដែលជាប់ទាក់ទង