សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និង លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា បានលើកឡើងពីការជំរុញ កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួបទ្វេភាគី រវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtan Shinawatra) ប្រធានគណបក្សភឿថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ នៅក្នុងការកសាងបក្សនិងអភិបាលកិច្ចស្ថាប័នរដ្ឋ។
ទស្សនកិច្ចនេះ ក៏ជាការចូលរួមចំណែក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា និង “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបានប្រកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា បានជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយ នឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ លោកជំទាវក៏បានសំណេះសំណាលផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំវ័យក្មេង ជាច្រើនរូប របស់គណបក្សប្រជាជនកម្ពុជា ដែលជាសមាជិករាជរដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
នៅក្នុងការពិភាក្សាទ្វេភាគី សម្តេចតេជោបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ ការប្រែក្លាយតំបន់ ព្រំដែនទៅជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ភាគីទាំងពីរបានលើកឡើងពីការជំរុញ កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ គណៈប្រតិភូ នឹងទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ-ឈ្នះ ដើម្បីស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជា ដូចដែលយើងបានឃើញសព្វថ្ងៃនេះ៕