ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនផ្កាយ២ម្នាក់ដាក់PJ ពាក់ព័ន្ធឆបោកលុយ៥ម៉ឺនដុល្លាររឿងរត់ការចូលក្របខណ្ឌប៉ូលិស

43

 

រាជធានីភ្នំពេញ ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ សម្រេចឃុំខ្លួនមន្រ្តីនគរបាលផ្កាយពីរម្នាក់ ដាក់ពន្ធនាគារ PJ ពាក់ព័ន្ធករណីឆបោកលុយជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខណ្ឌនគរបាលជាតិ ។

ជនជាប់ចោទរូបនេះ ឈ្មោះ អេង សាវឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិ មានឋានន្ទរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ និងមានទីលំនៅផ្ទះលេខ០២អឺ០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល វេលាម៉ោង០៨ព្រឹកកម្លាំងការិយាល័យបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ៤៦៦ ប្រសព្វផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី១៧.២២.២៧ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣១៩«ឆ១»ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ។

លោកអនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យរូបនោះ ដែលជាប់ពាក់ព័ន្ធបណ្តឹងព្រហ្មទណ្ឌពីបទឆបោក រឿងទទួលយកប្រាក់គេជាង៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការចូលក្រមខណ្ឌនគរបាលជាតិ តែធ្វើកិច្ចការនោះមិនបានសម្រេច ហើយក៏ស៊ីដាច់ប្រាក់ជនរងគ្រោះ៕

 

អត្ថបទដែលជាប់ទាក់ទង