ជប៉ុនផ្តល់ជំនួយឥតសំណង៤ម៉ឺនដុល្លារ សម្រាប់ការផ្តល់ឧបករណ៍តន្រ្តីបុរាណ ដល់សាលាមធ្យមវិចិត្រសិល្បៈ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ថវិកាចំនួន ៣៨,៧៥០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ)។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និង អ្នកតំណាង ស្ថាប័នទទួលជំនួយ។ សម្រាប់ស្ថាប័នទទួលជំនួយ៖ សាលាមធ្យមវិចិត្រសិល្បៈ។
ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងឧបករណ៍តន្រ្តីបុរាណខ្មែរចំនួន១៥ប្រភេទ សរុប២៤គ្រឿង នៅសាលាមធ្យម វិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ។ ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណ សាលាមធ្យម វិចិត្រសិល្បៈ បាននឹងកំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាលយុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្រ្តីបុរាណទាំងនេះបាន។ បន្ទាប់ពីការ អនុវត្តគម្រោងនេះ យើងរំពឹងថា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និងហាត់សមឧបករណ៍តន្រ្តី បុរាណខ្មែរទាំងនេះ ហើយនឹងអាចពង្រីក ក៏ដូចជារក្សានូវវប្បធម៌ខ្មែរ។
គម្រោងទ្រង់ទ្រាយតូចវប្បធម៌ «គូសាណូណិ» របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ ចំណេញ ដែលសកម្មនៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ជប៉ុន និងកម្ពុជាមានទំនាក់ទំនងការទូតជិតស្និទ្ធិជាង ៧០ឆ្នាំមកហើយ។ លោកសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ ដែលរួមមានជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់ គឺជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌៕