អ្នកសារព័ត៌មានបាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពនានារបស់រាជរដ្ឋាភិបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន
រាជធានីភ្នំពេញ ៖ លោកស្រី ភាណ សោភ័ណ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានបាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពនានារបស់រាជរដ្ឋាភិបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងលើកឡើងនូវការផ្តល់មតិយោបល់ត្រឡប់ ហើយលោកស្រី បានស្នើសុំឱ្យពង្រីកការទទួលបានប័ណ្ណសមាជិក ប.ស.ស. ក្នុងចំណោមកម្មករនិយោជិត ដោយធ្វើការពង្រឹងយន្តការជំរុញ និងតាមដានការចុះបញ្ជីការ និងបង់ភាគទាន ប.ស.ស. ក្នុងចំណោមនិយោជក (ឬថៅកែ) ជូនដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កសិឧស្សាហកម្ម សំណង់ និងកម្មករនិយោជិតក្នុងវិស័យដឹកជញ្ជូន និងសេវាកម្ម។
លោកស្រី ភាណ សោភ័ណ នាយិកា អង្គការអុកស្វាម បានថ្លែងយ៉ាងដូច្នេះ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«របបសន្តិសុខសង្កមនៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ» ក្រោមមូលបទ «ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម នៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា» នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នាសណ្ឋាគារកាំបូឌីយ៉ាណា។
លោកស្រី ភាណ សោភ័ណ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៣ អង្គការអុកស្វាម បានសហការគ្នាជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សារព័ត៌មានថ្មីថ្មី និងក្លឹបអ្នកការសែតកម្ពុជា ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារព័ត៌មានជាតិចំនួន ៦៥នាក់ ដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៤៣ផ្សេងគ្នា។ វគ្គបណ្តុះបណ្តាលនោះបានទទួលការគាំទ្រ និងមតិយោបល់យ៉ាងវិជ្ជមានពីសិក្ខាកាម និងភាគីពាក់ព័ន្ធ។ បន្ថែមលើនេះ ក្រុមការងារក៏ទទួលបានសំណើយ៉ាងច្រើនពីអ្នកសារព័ត៌មាន និងសិក្ខាកាម ឱ្យបន្តផ្តល់វគ្គបណ្តុះបណ្តាលបែបនេះជូនដល់សមាជិក និងអ្នកសារព័ត៌មាន ដើម្បីទទួលបានបច្ចុប្បន្នភាពគោលនយោបាយ ពង្រឹងចំណេះដឹង និងពុទ្ធិ ស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា និងដើម្បីពួកគេមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយ បន្តឲ្យកាន់តែទូលំទូលាយទៅដល់គ្រប់មជ្ឈដ្ឋាន។ យោងតាមស្មារតីខាងលើ អង្គការអុកស្វាម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសារព័ត៌មានថ្មីថ្មី ក្នុងការរៀបចំផ្តល់វគ្គបណ្តុះបណ្តាលនេះឡើងជាលើកទី២។
លោកស្រី ភាណ សោភ័ណ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានបាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពនានារបស់រាជរដ្ឋាភិបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងលើកឡើងនូវការផ្តល់មតិយោបល់ត្រឡប់។ បន្ថែមលើនេះ អ្នកសារព័ត៌មានក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានាពីប្រជាពលរដ្ឋ អ្នកឯកទេស សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយបរិយាបន្ន ក្នុងការអនុវត្តន៍គោលនយោបាយ ក៏ដូចជាកម្មវិធី និងអន្តរាគមន៏នានា ដែលបានដាក់ឪ្យអនុវត្តន៍ដោយរាជរដ្ឋាភិបាល។ នេះសឱ្យឃើញពីការរីកចម្រើន និងតួនាទីមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន ក្នុងការកសាង និងពង្រឹងយន្តការគណនេយ្យភាពសង្គម នៅកម្ពុជាយើង ជាពិសេសនៅក្នុងប្រព័ន្ធគាំពារសង្គម។
ទន្ទឹមនឹងនេះ ដោយមានកិច្ចសហការជិតស្និទ្ធជាមួយបេឡាជាតិសន្តិសុខសង្គម អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយអុកស្វាម និងបណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា យើងបានផ្តួចផ្តើមរៀបចំវេទិកាថ្នាក់តំបន់ជាបន្តបន្ទាប់នៅតាមតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ របស់ព្រះរាជាណាចក្រកម្ពុជារួមមាន៖ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងទីក្រុងភ្នំពេញ។ វេទិកាថ្នាក់តំបន់ទាំងនោះ បានបង្កើតឱកាសជូនដល់និយ័តករ និងប្រតិបត្តិករបបសន្តិសុខសង្គម ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិតគ្រប់វិស័យ តំណាងក្រសួង-មន្ទីរមកពីខេត្តនានា ធ្វើការពិភាក្សា លើកពីកង្វល់ និងឆ្លើយតប ជាពិសេសនោះ គឺរួមគ្នាត្រិះរិះស្វែងរកដំណោះស្រាយសមស្របក្នុងន័យដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។
លោកស្រី ក៏បានជម្រាបជូនសារជាថ្មីម្តងទៀត ពីសំណូមពរចម្បងៗ មួយចំនួន ដែលទទួលបានពីវេទិកាថ្នាក់តំបន់នោះ។
១). ស្នើសុំឱ្យពង្រីកការទទួលបានប័ណ្ណសមាជិក ប.ស.ស. ក្នុងចំណោមកម្មករនិយោជិត ដោយធ្វើការពង្រឹងយន្តការជំរុញ និងតាមដានការចុះបញ្ជីការ និងបង់ភាគទាន ប.ស.ស. ក្នុងចំណោមនិយោជក (ឬថៅកែ) ជូនដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កសិឧស្សាហកម្ម សំណង់ និងកម្មករនិយោជិតក្នុងវិស័យដឹកជញ្ជូន និងសេវាកម្ម។
២).ស្នើសុំពង្រឹងបរិយាបន្នភាព និងការទ្រទ្រង់ តាមរយៈការពង្រីកដែនគ្រប់ដណ្តប់ និងបង្កើនកញ្ចប់អត្ថប្រយោជន៏របបសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋ និងសមាជិកទាន។
៣). ស្នើសុំពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជក តាមរយៈយុទ្ធនាការផ្សព្វផ្សាយ វេទិកាសាធារណៈ និងប្រចាំឆ្នាំ ជាពិសេស គឺការដាក់បញ្ចូលគោលនយោបាយគាំពារសង្គម ទៅក្នុងកម្មវិធីសិក្សានៅកម្រិតណាមួយ។
៤. ស្នើសុំការពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាគោលនយោបាយ រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលមាន សារៈសំខាន់ ដល់ការតាក់តែងគោលនយោបាយរបបសន្តិសុខសង្គមសង្គម ឱ្យបានទូលំទូលាយ ឆ្លើយតបយេនឌ័រ និងប្រកបដោយបរិយាបន្ន។
៥. ស្នើសុំពង្រឹងយន្តការគណនេយ្យភាពសង្គម, យន្តការទិតៀន និងឆ្លើយតប ក្នុងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងទំនុកចិត្ត និងដំណោះស្រាយជូនដល់សមាជិកទាន។
សូមថ្លែងអំណរគុណដល់បេឡាជាតិសន្តិសុខសង្គម, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា ដែលបានប្រឹងប្រែងដោះស្រាយតម្រូវការខាងក្រោមនេះ។
ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី ទឹកជំនន់ និងគ្រោះធម្មជាតិ និងផលប៉ះពាល់នានា ដូចជាជម្លោះនៅក្នុងតំបន់ និងនៅបណ្តាប្រទេសមួយចំនួនជាដើម បានបន្តប៉ះពាល់ និងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវភាព ចង្វាក់ផលិតកម្មអាហារ និងឱកាសការងារ ក្នុងចំណោមប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតខ្មែរយើង។ បើទោះបីជាយើងទាំងអស់គ្នា មិនអាចលុបបំបាត់កត្តាប្រឈម និងហានិភ័យទាំងនេះក្តី ប៉ុន្តែយើងអាចធ្វើការកាត់បន្ថយ និងត្រៀមលក្ខណៈឆ្លើយតបបានទាន់ពេល តាមរយៈការពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងយេនឌ័រ និងមានលក្ខណៈជាសកល។ កិច្ចគាំពារសង្គម គឺជាយុទ្ធសាស្រ្ត និងវិធានការដ៏សំខាន់ ដែលចូលរួមចំណែកក្នុងការលូតលាស់កំណើនសេដ្ឋកិច្ច បង្កើនសុខមាលភាពនិងសាមគ្គីភាព បង្កើនធនធានមនុស្សប្រកបដោយគុណភាព និងសមភាពយេនឌ័រ ដោយទប់ស្កាត់ការធ្លាក់ចូលទៅក្នុងភាពក្រក្រីកម្រិតធ្ងន់ធ្ងរ និងគម្លាតនៅក្នុងសង្គម។
លោកស្រីនាយិកា បានថ្លែងកោតសរសើរ និងអបអរដល់រាជរដ្ឋាភិបាលដែលបានទទួលស្គាល់ និងធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមាត្រា៣៦ និង៧៥ ដែលផ្តល់សិទ្ធិពេញលេញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបានការគាំពារសង្គម សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងទៀត តាមរយៈប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករ និយោជិត និងពលរដ្ឋ។ ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្របច្បាប់ក្នុងការទទួលបាននូវកិច្ចគាំពារសង្គមគ្រប់គ្នា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានទទួលស្គាល់និងមានការប្តេជ្ញាខ្ពស់ដើម្បីឲ្យកិច្ចគាំពារសង្គម ប្រកបដោយបរិយាបន្ន មានលក្ខណៈជាសកល និងគ្រប់រង្វង់នៃវដ្តជីវិត ចាប់តាំងពីការមានកំណើតរហូតដល់ចាស់ជរា និងដល់ការបាត់បង់ជិវិត ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។
ពិតណាស់ បើទោះបីជាកម្ពុជាចាប់ផ្តើមដាក់ឱ្យអនុវត្តន៍គោលនយោបាយគាំពារសង្គម ក្រោយប្រទេសក្នុងតំបន់ និងលើពិភពលោកបន្តិចមែនក្តី ប៉ុន្តែកម្ពុជាបានបន្តបោះជំហានទៅមុខជាលំដាប់ និងប្រកបដោយភាពជឿ ជាក់។ យើងទាំងអស់គ្នាអាចធ្វើការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គម និងជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការពង្រឹងលទ្ធភាពរបស់ពលរដ្ឋ និងស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នានាដែលបណ្តាលពីគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតសកល ដូចជាវីរ៉ុសកូវីដ-១៩ ជាដើម។
ខណៈដែលគោលនយោបាយគាំពារសង្គមនៅកម្ពុជា បាននិងកំពុងបោះជំហានទៅមុខយ៉ាងរលូននោះ តែនៅមានអាទិភាពជាច្រើនទៀតផងដែរ ដើម្បីជម្រុញឪ្យការគ្រប់ដណ្តប់នៃកិច្ចគាំពារសង្គមកាន់តែបានទូលំទូលាយ មានលក្ខណៈជាសកល ប្រកបដោយបរិយាបន្ន របបនីមួយៗ មានភាពគ្រប់គ្រាន់ និងគុណភាពនៃសេវាកាន់តែមានភាពប្រសើរឡើង។ ជាក់ស្តែង តាមរបាយការណ៏បេឡាជាតិសន្តិសុខសង្គម (២០២២) បង្ហាញថា ៖ « មានរោងចក្រ និងសហគ្រាស ត្រឹមតែ ១៥% ប៉ុណ្ណោះដែលបានចុះបញ្ជីជាមួយ ប.ស.ស. និងបង់ភាគទានរបបសន្តិសុខសង្គមដល់បុគ្គលិករបស់ពួកគេ»។ ការមិនចុះបញ្ជី និងបង់ភាគទាននេះ បានធ្វើឱ្យកម្មករនិយោជិត មិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតដែលផ្ទុយពីច្បាប់ស្តីពីរបបសន្តិសុខសង្គម កម្ពុជា។
អាទិភាពទាំងនេះ តម្រូវឪ្យមានការចូលរួម សហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីឈានទៅការពង្រីកវិសាលភាព និងចីរភាពនៃគោលនយោបាយគាំពារសង្គម។ ដោយឡែកអង្គការអុកស្វាម និងបណ្តាញគាំពារសង្គមទាំងអស់គ្នា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការផ្សព្វផ្សាយ ការអនុវត្តយន្តការគណនេយ្យភាពសង្គម ការសិក្សាស្រាវជ្រាវ និងកិច្ចសន្ទនាគោលនយោបាយ ស្តីពីប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវអាទិភាពដ៏សំខាន់ និងចម្បងៗខាងលើនេះ។
លោកស្រី ភាណ សោភ័ណ នាយិកា អង្គការអុកស្វាម មានសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងអាចសម្រេចបាននូវការកសាង និងធានានូវប្រព័ន្ធគាំពារសង្គមមានបរិយាបន្ន និងជឿនលឿនមួយ ដោយប្រកាន់ខ្ជាប់នូវអភិក្រម «មិនទុកនរណាម្នាក់ចោល» ឡើយ។ ហើយនេះ គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា ដើម្បីទាំងអស់គ្នា៕