ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងតួកគី ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ

82

ភ្នំពេញ៖ នៅថ្ងៃទី ១៩-២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Burak Akçapar អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែលបានប្រារព្ធឡើងនៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី។

បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី និងបានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោក Afif Demirkiran អនុប្រធានគណបក្ស AK និងជា ប្រធានផ្នែកកិច្ចការបរទេស ឯកឧត្តម Serkan KAYALAR ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TIKA) និងសាស្រ្តាចារ្យ Necdet Ünüvar សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង់ការ៉ា។

កិច្ចប្រជុំទាំងអស់ខាងលើបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលវិជ្ជមាន។ ឥស្សរជននៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីបានកំណត់ឱ្យឈានដល់ ១ ពាន់លានដុល្លារអាមេរិក នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរកាលពីឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង