ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាតិដើមភាគតិចព្នងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ពុលផ្អកសាច់ជ្រូកព្រៃ ស្លាប់២នាក់ និងកំពុងសង្គ្រោះ៣នាក់

65

មណ្ឌលគិរី ៖ បងប្អូនជនជាតិដើមភាគតិចព្នងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរីមួយគ្រួសារ បានបរិភោគផ្អកសាច់ជ្រូកព្រៃធ្វើខ្លួនឯង (សាច់ជូ) បណ្តាលឲ្យពុលស្លាប់២នាក់ប្តីប្រពន្ធ បន្សល់ទុកកូនតូចៗ២នាក់ឲ្យនៅកំព្រា រួមទាំងបងថ្លៃសពម្នាក់ កំពុងធ្វើការសង្រ្គោះនៅពេទ្យបង្អែកខេត្ត មិនដឹងថាមានវាសនាយ៉ាងណានោះឡើយ។

លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានពេទ្យបង្អែកខេត្តមណ្ឌលគិរីបានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ថា ពេលនេះស្ថានភាពអ្នកជំងឺទាំង៣នាក់នៅមានសភាពធ្ងន់ធ្ងរនៅឡើយ ដោយសារដង្ហើមខ្សោយ ខណៈក្រុមគ្រូពេទ្យ បាននិងកំពុងព្យាយាមសង្គ្រោះ។

លោកបន្តថា «ករណីនេះនៅមិនទាន់ច្បាស់ថាជនរងគ្រោះពុលសាច់ជ្រូកព្រៃ ឬពុលគ្រឿងផ្សំជាមួយសាច់ជ្រូកព្រៃនោះ ដោយក្រុមគ្រូពេទ្យបានប្រមូលសំណាកបញ្ជូនទៅមន្ទីរពិសោធន៍រួចហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផល»។

ករណីនេះកើតឡើងកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជនរងគ្រោះដែលស្លាប់២នាក់ប្តីប្រពន្ធ រួមមាន៖

*ទី១៖ ឈ្មោះ យ៉េង ជីនាន អាយុ៣៤ឆ្នាំ ជនជាតិព្នង (ស្លាប់)
*ទី២៖ ឈ្មោះ ផាន សុបឿន (ប្រពន្ធ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។

ដោយឡែកជនរងគ្រោះ៣នាក់ទៀត ដែលកំពុងជួយសង្គ្រោះរួមមាន៖

*ទី១៖ ឈ្មោះ ជីនាន វិសាល អាយុ៦ឆ្នាំ (កូន)
*ទី២៖ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ៤ឆ្នាំ (កូន)
*ទី៣៖ ឈ្មោះ កែវ ស្នា អាយុ៤០ឆ្នាំ (បងថ្លៃសព)។

លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានឲ្យដឹងថា លោកកំពុងជំរុញបន្ថែមដល់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ក្នុងពេទ្យបង្អែក ខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាខិតខំព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ប្រកបដោយវិជ្ជាជីវះ និងក្រមសីលធម៌ល្អ។

លោក ឌឹម នី អភិបាលស្រុកកោះញែក ក៏បានបញ្ជាក់ថា អាជ្ញាធរស្រុកឃុំខេត្ត បានចុះសួរសុខទុក្ខក្រុមគ្រួសារសពកំពុងជួយសង្គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង