រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ៧៦,៣៣៣ ដុល្លារ សម្រាប់ “គម្រោងសម្រាប់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ”
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌គូសាណូណិ សម្រាប់ “គម្រោងសម្រាប់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ”។ គម្រោងនេះទទួលបានជំនួយឥតសំណងរបស់ជប៉ុន ដែលមានតម្លៃ ៧៦,៣៣៣ ដុល្លារអាមេរិក។
នៅថ្ងៃទី២១ ខែមីនា លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ។ ឯកអគ្គរាជទូត អ៊ូអិណុ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងចូលរួមចំណែកនាំឱ្យក្រុមកីឡាបាល់បោះរទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុនក្នុងការប្រកួតអន្តរជាតិនានា និងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សឱ្យចូលរួមលេងកីឡាកាន់តែច្រើន ដែលនាំមកនូវសង្គមដែលមានសុខភាពល្អនាពេលអនាគត។ លើសពីនេះគឺ ការលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ៕