ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា ប្រធានរដ្ឋសភាថៃ

61

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ មានជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃនៅពេលនេះនឹងបានរួមចំណែកយ៉ាងសំខាន់ថែមទៀតដល់ការពង្រឹងនិងពង្រីកនៅទំនាក់ទំនងជាមិត្តភាពរវាងប្រទេសនិងប្រជាជន ជាពិសេសស្ថាប័ននិតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងមានកិត្តិយសណាស់ដែល ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនខ្មែរអ៊ីស្លាមនៅកម្ពុជា ដែលជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបជូនសម្ដេច តេជោថា កាលពី៣០ឆ្នាំមុន ឯកឧត្តមបានជួបសម្ដេចតេជោ ក្នុងនាមជាអ្នកនយោបាយវ័យក្មេងរបស់កម្ពុជាដ៏មានសក្ដានុពល និងនៅថ្ងៃនេះបានជួបសម្ដេចបានសារជាថ្មីម្ដងទៀត។

ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ឯកឧត្តមបានលើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា ដូច្នេះយើងត្រូវចេះស្រលាញ់និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងពីរ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែរពលករកម្ពុជាដែលកំពុងធ្វើការនិងប្រកបមុខរបបក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរ ជាពិសេសបានផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។

ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលតួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៅពេលខាងមុខ។

ជាការឆ្លើយតបសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃទំនាក់ទំនងកម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់ផ្ដល់ការថែទាំ ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។ សម្ដេចតេជោ បានជម្រុញឱ្យប្រទេសទាំងពីរលើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ល។ និងចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរលើកកម្ពស់ពីទំនាក់ទំនងដៃគូរជាយុទ្ធសាស្ដ្រទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។ ចំពោះកិច្ចសហប្រតិបត្តិការ តំបន់យើងត្រូវជម្រុញថែមទៀតដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និង មហាអនុតំបន់មេគង្គ ។
ជាចុងបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបានអបអរសាទរចំពោះសម្ដេច និងបានជូនពរគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

     

អត្ថបទដែលជាប់ទាក់ទង