ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាទូកធ្វើតេស្ត ជ្រើសរើសក្រុមជម្រើសជាតិ ប្រចាំឆ្នាំ២០២៤

146

 

ភ្នំពេញ៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំការធ្វើតេស្តិ៍សមត្ថភាព ដើម្បីស្វែងរកធនធានក្នុងក្រុមជម្រើសជាតិ ប្រចាំឆ្នាំ២០២៤ ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក ឯម ម៉ាអូរី និងលោក យិត ភីរៈ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអញ្ជើញផ្តល់កិត្តិយស និងសំណេះសំណាលលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទូកទាំងអស់ ក្នុងកម្មវិធីធ្វើតេស្តសមត្ថភាព ជ្រើសរើសចូលក្រុមជម្រើសជាតិ ដែលបានប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធគូសបញ្ជាក់ថា ចំពោះកីឡាករ កីឡាការិនីចូលរួមមានសរុបចំនួន ៥០នាក់ ហើយសហព័ន្ធជ្រើសរើសយកកីឡាករឆ្នើមៗចំនួន ២០នាក់ និងកីឡាការិនី៦នាក់ និងគ្រូបង្វឹក៤នាក់ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។
ការធ្វើតេស្តសមត្ថភាពនេះ គឺក្រុមគ្រូបង្វឹកនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានផ្តោតសំខាន់លើ៣ចំណុចសំខាន់ៗ ដូចជាការធ្វើតេស្តលើកាយសម្បទា កម្លំាងកាយ និងគុណភាពបច្ចេទេស។
ចំពោះសមាសភាពកីឡាករ កីឡាការិនីចូលរួមមកពីក្រសួងមហាផ្ទៃ កងទ័ពជើងទឹក ខេត្តព្រៃវែង ស្វាយរៀង និងខេត្តកោះកុងជាដើម។ លោក គង់ សុភាព បន្ថែមថា សម្រាប់ការជ្រើសរើសជម្រើសជាតិត្រៀមប្រកួតអន្តរជាតិនានា នាពេលខាងមុខនេះ គឺផ្តោតសំខាន់លើប្រភេទវិញ្ញាសាទូកប្រពៃណៃ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង។

ការប្រកួតធ្វើតេស្តជ្រើសរើសកីឡាករ កីឡាការិនី ផ្តោតសំខាន់លើវិញ្ញាសាចំនួន៥ ៖
១. វិញ្ញាសាអាវ៉ង់(Push up)
២. ដូមីណូ (Abdominal muscle)
៣. រត់ចំងាយ ២០០០ម៉ែត្រ (Running 2km)
៤. ឡើងរបាហ្វិច (Chin-up)
៥. អ៊ុម៉ាស៊ីនរ៉ូអ៊ុង (Rowing Machine)

ដោយឡែកលក្ខខណ្ឌ នៃការចូលរួមប្រកួតរួមមាន៖
១- ត្រូវមានអាយុ ចាប់ពី ១៥ឆ្នាំ ដល់អាយុ ៣០ ឆ្នាំ
២- ត្រូវមានកាយសម្បទាល្អ និងសុខភាពល្អ
៣-ត្រូវចេះហែលទឹក
៤- កំពស់ ចាប់ពី ១៦០ ស.ម ឡើងទៅ (សម្រាប់កីឡាករ)
៥- ទម្ងន់ ចាប់ពី ៦០គីឡូក្រាម ដល់ ៨០គីឡូក្រាម
ការប្រកួតប្រជែងធ្វើតេស្តសមត្ថភាព ជ្រើសរើសកីឡាករ កីឡាការិនី របស់សហ័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា មានកីឡាករសរុប៤០នាក់ កីឡាការនី ១០ នាក់ ក្នុងនោះមានអត្តពលិកមកពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន១១នាក់៕

អត្ថបទដែលជាប់ទាក់ទង