សម្តេចធិបតី នឹងអញ្ជើញជាអធិបតី ពិធីបើក “ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ”នៅព្រឹកស្អែក
ភ្នំពេញ ៖ ព្រឹកស្អែក ថ្ងៃអាទិត្យ ទី២៤ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធីបើក “ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ” ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពជម្រាបជូនដំណឹងស្តីពី «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ឆ្នាំ២០២៤ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ សូមស្វែងយល់ពិភពនៃបច្ចេកវិទ្យា ស្វែងរកដំណោះស្រាយនវានុវត្តន៍ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ នៅក្នុងទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកច្នៃប្រឌិត សហគ្រិន និងអ្នកបង្កើតគោលនយោបាយមកពី គ្រប់វិស័យ ទូទាំងប្រទេសកម្ពុជា និងលើសពីនេះ ដើម្បីបង្ហាញពីការវិវត្តចុងក្រោយបង្អស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងដើម្បីពិភាក្សាអំពីអនាគតនៃការច្នៃប្រឌិតនៅក្នុងប្រទេស។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រយ៉ាងមុតមាំ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដោយពាំនាំនូវសកម្មភាពជាច្រើន រួមមានការពិភាក្សាអំពីប្រធានបទវិទ្យាសាស្រ្ត ការបង្ហាញអំពីវិទ្យាសាស្ត្រ និងការតាំងពិព័រណ៍បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតពីសំណាក់ស្ថាប័នពាក់ព័ន្ធជាច្រើន រួមមានក្រសួងដៃគូ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងសមាគមអាជីវកម្ម។
សូមរំលឹកថា ព្រឹត្តិការណ៍ថ្នាក់ជាតិលើកទីមួយ គឺជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១៩ ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី និងពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ដែលគោលនយោបាយនេះ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព ដើម្បីឈានទៅការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹម ២០៥០។ គោលដៅយុទ្ធសាស្ត្រចម្បង របស់គោលនយោបាយនេះគឺ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអភិវឌ្ឍធនធានមនុស្សក្នុងបរិបទ នៃការជំរុញការប្រកួតប្រជែងគុណភាពអាជីវកម្ម និងសេវាកម្មរបស់ប្រទេស៕