ក្រសួងព័ត៌មាន បានណែនាំម្ចាស់គេហទំព័រចំនួន ៣ ឱ្យបញ្ឈប់រាល់ការផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ
ភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំម្ចាស់គេហទំព័រចំនួន ៣ ឱ្យបញ្ឈប់រាល់ការផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ។
ក្រសួងព័ត៌មាននៅ ថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២៤ បានជម្រាបមក លោក ឆុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com លោក ពឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news លោក លុយ សារ៉ែន ម្ចាស់គេហទំព័រឈ្មោះ www.fbrtvhotnews.com ឲ្យបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។
យោង ៖- ច្បាប់ស្តីពីរបបសារព័ត៌មាន
– របាយការណ៍ស្តីពីការសាកសួរលើវិវាទចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានជម្រាបលោកចាងហ្វាង ជ្រាបថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានដំណើរការសាកសួរលើករណីការចុះផ្សាយអត្ថបទព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលនិងស្ថាប័នសាធារណៈ។
ក្រោយពីបានស្ដាប់ការបំភ្លឺរបស់លោកចាងហ្វាង ព្រមទាំងបានពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃ យ៉ាងយកចិត្តទុកដាក់ឃើញថា ការផ្សាយរបស់អង្គភាពទាំងបីខាងលើ គ្មានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមាន ការយល់ច្រឡំ។
ក្រសួងសូមព្រមានជាលើកចុងក្រោយ ឱ្យអង្គភាពសារព័ត៌មានទាំងបីខាងលើនេះគោរពឱ្យបាន ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋាន ច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។ ក្នុងករណីមិនអនុវត្តតាមការ ព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកចាងហ្វាងជ្រាប និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕