គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រារព្ធពិធីសូត្រមន្ត រំឭកគុណដល់ព្រឹទ្ធាចារ្យកីឡា
ភ្នំពេញ៖ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាសុំពរជ័យសិរីសួស្ដីឆ្នាំថ្មីនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត លើករាសី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមទាំងសមាជិកប្រតិបត្តិជាច្រើនទៀត។
សូត្រមន្តតាមលក្ខណៈប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងរំឭកគុណ និងយកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅដល់ចាស់ៗ ជាព្រឹទ្ធាចារ្យកីឡាមួយចំនួនដែលកំពុងមានសកម្មភាពបម្រើកីឡា និងតែងតាំងទីប្រឹក្សាជាន់ខ្ពស់បន្ថែម ហើយក៏ជាពិធីមួយជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយគោរពតាមផងដែរ។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។
ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ការប្រារព្ធពិធីសូត្រមន្ដតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ស្ថាប័នកីឡាកំពូលរបស់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក និងមហាគ្រួសារកីឡាជាតិទាំងអស់ជួបតែសេចក្តីសុខ សេចក្ដីចម្រើន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ពិសេសបេសកកម្មចូលរួមប្រកួតលើឆាកអន្ដរជាតិ សូមដណ្ដើមបានមេដាយជូនជាតិកាន់តែច្រើន។
ដូចសព្វមួយដង ក្នុងឱកាសនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានកោះអញ្ជើញព្រឹទ្ធាចារ្យកីឡាចាស់ៗដែលជាអតីតកីឡាករ-កីឡាការិនី ធ្លាប់តស៊ូប្រកួតប្រជែងលើកកិត្តិយសជាតិ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាចូលរួម ។ មិនតែប៉ុណ្ណោះ លោកបណ្ឌិត ថោង ខុន ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ព្រឹទ្ធាចារ្យកីឡាចាស់ៗសម្រាប់ជាការលើកទឹកចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខផងដែរ៕