ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌប្ញស្សីកែវ ពិតជាមានការសោកស្តាយជាខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើបណ្តាញសង្គម FacebookនិងTikTok ប៉ះពាល់ដល់កិត្តិយស លោកនាយករដ្ឋបាលខណ្ឌប្ញស្សីកែវ

145

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ ពិតជាមានការសោកស្តាយជាខ្លាំងចំពោះការលើកឡើងកាលពីថ្មីៗកន្លងទៅនេះ នៅលើបណ្តាញសង្គម Facebook មានគេហទំព័រ-គណនីឈ្មោះ San Prum និងនៅលើបណ្តាញសង្គម TikTok គណនី ឈ្មោះ Phan Sophirak ខាងលើ ដោយបានផ្សព្វផ្សាយនូវ ព័ត៌មានមិនពិត មិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានតែម្ខាង ។ ការផ្សាយខាងលើក្នុងន័យមូលបង្អួចធ្វើឲ្យសាធារណៈមតិមាន ការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌប្ញស្សីកែវ ។

ជុំវិញបញ្ហានេះ រដ្ឋបាលខណ្ឌ ប្ញស្សីកែវសូមបញ្ជាក់ថា រូបភាពដែលម្ចាស់គណនីទាំងពីរបានយកទៅធ្វើការផ្សព្វផ្សាយខាងលើ ជាសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដែលក្រុមការងាររដ្ឋបាលខណ្ឌស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដកហូតសម្ភារៈសំណង់ រឹងមាំមួយកន្លែង (សាងសង់ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច) របស់ឈ្មោះ បាន ម៉េងទូច ដែលលបលួចសាងសង់ ទាំងយប់ទាំងថ្ងៃ រំលោភលើដីឡូតិ៍បំរ៉ុងរបស់រដ្ឋបាលរាជធានីភ្នំពេញ រំលោភបិទ កំណាត់ផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលកន្លងមក រដ្ឋបាលខណ្ឌ បានចុះហាមឃាត់ និងបានចេញសេចក្តីជូនដំណឹងឲ្យបញ្ឈប់ការសាងសង់ និងរុះរើចេញវិញចំនួន ០២លើក ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលដឹកនាំ និងអនុវត្តដោយ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ ក្រោមការបញ្ជា ផ្ទាល់ពីលោក ឯក ឃុនដឿន អតីតអភិបាលខណ្ឌឫស្សីកែវ បច្ចុប្បន្នជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លើសពីនេះ ទៅទៀតទីតាំងសាងសង់នេះក៏មានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឡូតិ៍ចំនួន ៥ទីតាំង ដែលប្រើប្រាស់ផ្លូវនេះ ស្នើសុំមក រដ្ឋបាលខណ្ឌ “អន្តរាគមន៍ចុះរុះរើសំណង់តូប ខ្ទមទ្រូងមាន់របងស័ង្កសី និងគ្រឹះបេតុងសំណង់ផ្ទះល្វែង ដែលបានរំលោភលើផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងចាត់វិធានការផ្លូវច្បាប់លើបុគ្គលឈ្មោះ បាន ម៉េងទូច និងបក្សពួក” ។

អត្ថបទដែលជាប់ទាក់ទង