ឯកឧត្ដម ឈឹម សៅគី អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការចំនួន ៣គម្រោងនៅខេត្តកោះកុង
ខេត្តកោះកុង ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការចំនួន ៣គម្រោងនៅខេត្តកោះកុងដូចខាងក្រោម ៖
-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៣ ០០០ម៉ែត្រទទឹង ៨ម៉ែត្រ លូប្រអប់មុខបួនចំនួន ០១កន្លែង លូប្រអប់មុខបីចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
-គម្រោងទី២ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST)ចំនួន ០១ខ្សែ ប្រវែង ៤ ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសមានទទឹងម្ខាងៗ ប្រវែង ០,៥ម៉ែត្រ និងក្រាលកៅស៊ូ (DBST) ព័ទ្ធជុំវិញរង្វង់មូលដែលមានទំហំ ៥ ២៤៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
-គម្រោងទី៣ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ ( DBST) ចំនួន ០១ខ្សែ ប្រវែង ៦ ១០០ម៉ែត្រទទឹង ៨ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ០១កន្លែង លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែងទៅលើលក្ខណៈបច្ចេកទេស គុណភាព និងសោភ័ណ្ឌភាពរួចមក គណៈកម្មអន្ដរក្រសួង បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕