ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចុះ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅឆ្នាំក្រោយ ខណៈឆ្នាំនេះចុះ «ក្រមា»

55

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅឆ្នាំ២០២៥។

សម្តេចធិបតី ថ្លែងបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សម្តេចធិបតី បានអះអាងថា កម្ពុជាត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ខណៈឆ្នាំនេះ ត្រៀមចុះ «ក្រមា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវកុំឱ្យប្រជាពលរដ្ឋបារម្ភទៅទៀត នៅថ្ងៃក្រោយ ថាតើយើងអាចប្រើប្រាស់ ឬប្រារព្ធពាក្យ «សង្ក្រាន្តនៅកម្ពុជា» បានឬទេ។ ខ្ញុំបានឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីត្រៀមឯកសារចុះបញ្ជី «សង្ក្រាន្តនៅកម្ពុជា» ឱ្យរួចរាល់នៅឆ្នាំក្រោយនេះ ដើម្បីយើងអាចចូលនៅឆ្នាំ២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ មានការបកស្រាយផ្សេងៗទៀត។ អត់មានអីខុសទេ អត់មានពីណាហាមទេ ហើយថ្ងៃក្រោយឡាវចុះក្រោយយើង ក៏អត់មាននរណាហាមដែរ ព្រោះអាហ្នឹង ប្រពៃណីវប្បធម៌ស្រដៀងៗគ្នា។ ក្រសួងមិនមែនដេកស្តូក រាជរដ្ឋាភិបាល មិនមែនដេកស្តូក គ្រាន់តែខ្ញុំរាប់អម្បាញ់មិញ ជាង ៣០ឆ្នាំនេះ យើងចុះច្រើនណាស់ហើយ។ ប៉ុន្តែ ក្នុងមួយឆ្នាំៗ យើងចុះបានមួយ។ ក្រមា យើងចុះឆ្នាំ២០២៤ ប្រពៃណីការខ្មែរ យើងចុះឆ្នាំ២០២៥»

សម្តេចធិបតី បានបន្តថា «អីចឹង «សង្រ្កាន្តនៅកម្ពុជា» យើងធ្វើ ហើយថ្ងៃក្រោយយើងមានសម្បត្តិបេតិកភណ្ឌដទៃទៀត ដែលយើងត្រូវចុះ។ អីចឹង លោកតាលោកយាយ កុំព្រួយបារម្ភ អត់មាននរណា ដណ្តើមរបស់កម្ពុជាទេ ហើយកុំមានការយល់ច្រឡំនោះ។ ការព្រួយបារម្ភ គឺជារឿងត្រឹមត្រូវ​ ដែលយើងត្រូវមានស្មារតី ក្នុងការការពារ តែសូមអ៊ំពូមីងទាំងអស់ ថាកម្ពុជា មិនបានធ្វេសប្រហែស មិនឱ្យគេយកវប្បធម៌យើង ដោយមិនបានការពារ ជាពិសេស សង្ក្រាន្ត មិនមែនអ្វីបាត់បង់នោះទេ»

ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្រោយមានករណីលើកឡើងលើបណ្តាញសង្គមថា ប្រទេសថៃ បានចុះពាក្យ «សង្ក្រាន្តនៅថៃ» ធ្វើឱ្យកម្ពុជា មិនអាចប្រើប្រាស់ពាក្យនេះបានទៀតទេ។ បន្ថែមលើនេះ ខេត្តខ្លះដូចជាស្វាយរៀង បានសម្រេចមិនធ្វើសង្ក្រាន្ត តែរៀបចំជាការប្រគំតន្ត្រីទៅវិញ។

ស្របពេលជាមួយគ្នានេះ ក៏មានការបំភ្លៃថា ថៃបានលួចពាក្យ «សង្ក្រាន្ត» នេះពីកម្ពុជា ខណៈកម្ពុជាមានពាក្យ «សង្ក្រាន្ត» ឆ្លាក់នៅជញ្ជាំងប្រាសាទ។ ផ្ទុយទៅវិញ ការណ៍ពិតពាក្យ «សង្រ្កាន្ត» ជាពាក្យសំស្រឹ្កត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ពិធីនេះ បានក្លាយជាប្រពៃណីទំនៀមទំលាប់ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា និងចិន ជាដើម។ ដូច្នេះសង្រ្កាន្តមកទល់បច្ចុប្បន្ន បានក្លាយជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិមួយចំនួននៅអាស៊ីអាគ្នេយ៍រួចទៅហើយ និងបានក្លាយជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។

មានន័យថា ករណីដែលថៃ ចុះពាក្យ «សង្ក្រាន្តនៅថៃ» តែឯង នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីសង្រ្កាន្តរបស់កម្ពុជា ឬប្រទេសផ្សេងទៀតនាពេលខាងមុខនោះទេ។ ម្យ៉ាងទៀត សម្បត្តិបេតិកភណ្ឌអរូបី គឺនៅជាប់នឹងមនុស្ស ព្រោះចំណេះដឹង និងទំនៀមទម្លាប់ ឬការអនុវត្តរបស់ប្រជាជនពីយូរលង់រៀងមក មិនមែនស្ថិតក្នុងព្រំដែនបច្ចុប្បន្ននៃប្រទេសនីមួយៗក្នុងសតវត្សទី២០-២១ នេះទេ គឺវាឆ្លងចុះ ឆ្លងឡើង ចំណេះខ្លះនៅអាចរក្សា អត្តសញ្ញាណពិសេសរបស់ខ្លួនបាន ខ្លះទៀតក្លាយ ឬប្រែរូបភាពទៅតាមបរិបទដែលខ្លួនកំពុងស្ថិតនៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារសម្បត្តិវប្បធម៌ ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាប់អាណត្តិមកហើយ។ កម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ ហើយឆ្នាំនេះការរៀបចំសង្ក្រាន្តឆ្នាំថ្មី ឱ្យកាន់តែសប្បាយនៅតាមខេត្តនានា។

សម្តេចធិបតី ចង់ឱ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអភិបាលខេត្តឡើងច្រៀងទៀត រឹតតែប្រសើរ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់យុវជនកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕

អត្ថបទដែលជាប់ទាក់ទង