ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូខណ្ឌឫស្សីកែវ ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ នាំយកអំណោយចែកជូនកងទ័ពស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

1,011

ព្រះវិហារ៖ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលមកដល់នាពេលដ៏ខ្លីខាងមុខ និងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងគាំទ្រពីសមរភូមិខាងក្រោយ ចំពោះសមរភូមិខាងមុខ, រដ្ឋបាលខណ្ឌដែលចងសម្ព័ន្ធមេត្រីភាពចំនួន៣ មានខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ តំណាងដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កម្លាំងយោធាឈរជើងការពារទឹកដី នៃទីបញ្ជាការដ្ឋានកងវរសេនាតូចអន្តរាគមន៍លេខ៣៩១ ចំណុះកងពលអន្ដរាគមន៍លេខ៩ ដែលមានទីតាំងស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ​ទី​៣១ ខែមីនា​ ឆ្នាំ​២០២៤​។

លោក ជិន ប៊ុនធឿន ក្នុងឱកាសនេះ បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូន ជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះជីវភាពរស់នៅ កន្លែងស្នាក់អាស្រ័យ និងតម្រូវការផ្សេងៗជាច្រើនទៀត។

លោក ជិន ប៊ុនធឿន បានលើកឡើងទៀតថា ការចុះសាកសួរសុខទុក្ខ និងនាំយកអំណោយពីសមរភូមិក្រោយ មកជួយឧបត្ថម្ភសមរភូមិមុខយ៉ាងទៀងទាត់ និងមិនដែលអាក់ខាននេះ, គឺជាការបង្ហាញអំពីការរិតចំណងសម្ព័ន្ធមេត្រីភាពបន្ថែមទៀត រវាងខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ជាមួយកម្លាំងយោធាឈរជើងការពារទឹកដី នៃទីបញ្ជាការដ្ឋានកងវរសេនាតូចអន្តរាគមន៍លេខ៣៩១ ចំណុះកងពលអន្ដរាគមន៍លេខ៩។

លោកអភិបាលឫស្សីកែវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដោយសូមផ្ញើក្ដីនឹករឭកយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩១ ដែលបានខិតខំពុះពារជម្នះរាល់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រៅពីការចូលរួមកសាង និងអភិវឌ្ឍជាតិ និងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អជាមួយប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយសម្រេចបានលទ្ធផលការងារគួរជាទីមោទនៈ៕

អត្ថបទដែលជាប់ទាក់ទង