ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំចង្អៀតរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំកិច្ចប្រជុំ ចង្អៀតរបស់គណៈកម្មាធិការដឹកនាំការ
កែទម្រង់ច្បាប់ ដើម្បីធ្វើការពិភាក្សាលើ ទស្សនទាននៃការកែទម្រង់ច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។
អង្គប្រជុំបានធ្វើការពិភាក្សា និងផ្លាស់ប្តូរ ទស្សនយោបល់ពាក់ព័ន្ធ នឹងការកែទម្រង់ច្បាប់ ឱ្យសមស្របទៅនឹងបរិបទ និងបរិការណ៍ថ្មីរបស់កម្ពុជា និងបានពិភាក្សាលើគោលគំនិត យុទ្ធសាស្រ្ត និងជម្រើសមួយចំនួន ដើម្បីឱ្យអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អាចដំណើរការ និងបំពេញមុខងារភារកិច្ចរបស់ខ្លួន ដោយរលូន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ពិសេសដើម្បីឱ្យអាចបំពេញមុខងារជាអ្នករៀបចំផែនការ និងយុទ្ធសាស្រ្ត ព្រមទាំងជាធនធានខួរក្បាល (think tank) លើការងារ កែទម្រង់ច្បាប់។
ក្រៅពីនេះ អង្គប្រជុំក៏បានធ្វើការពិភាក្សា លើកិច្ចការមួយចំនួនផងដែរ ដើម្បីដាក់ឆ្លង កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នាពេលខាងមុខ៕