ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៥​ម៉ឺន​រៀល​​ជូន​មន្ដ្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ភ្ជុំបិណ្ឌ

40

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥០០០០​រៀល​(៥​ម៉ឺន​រៀល​) ជូន​មន្ដ្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ពេល​ខាង​មុខ​នេះ ។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចេញផ្សាយ​នា​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ចំនួន​៥០០០០​រៀល និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន​៥០០០០ រៀលក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ក្រុម​នីតិប្បញ្ញត្តិ​នីតិប្រតិបត្តិ​តុលាការ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មន្ត្រី​ខុទ្ទកាល័យ ។

ចំពោះ​គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ ជា​អតីត​យុទ្ធ​ជន​ត្រូវ​បាន​ផ្តល់​ជូន​ប្រាក់​ឧបត្ថម្ភ​នេះ​ចំនួន​៥០ ០០០​រៀល​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ចំនួន​៥០០០០​រៀល ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​មួយ​គ្រួសារ​។ ប្រាក់​ឧបត្ថម្ភ​នេះ ត្រូវ​បាន​ផ្តល់​សម្រាប់​ម្នាក់​ៗ ឬ​មួយ​គ្រួសារ​តែ​មួយ​កន្លែង និង​មួយ​លើក​ប៉ុណ្ណោះ ។

អនុក្រឹត្យ​បាន​លើក​ឡើង​ទៀត​ថា ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ខាងលើ ត្រូវ​អនុវត្ត​ឱ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំរោង ត្រូវ​គោរព​គោល​ការណ៍ ដូច​ខាងក្រោម ៖

១-​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដូច​មាន​ចែង​ក្នុង​មាត្រា​ខាងលើ ត្រូវ​អនុវត្ត​តាម​គណនី​បៀវត្ស​របស់ សាមីជន ឬ​គ្រួសារ​ជន​ពលី​និង​គ្រួសារ​ជន​មរណៈ​ជា​អតីត​យុទ្ធ​ជន ។

២-​ក្រសួង​ស្ថាប័ន និង​អង្គភាព​ដែល​មិន​ទាន់​បាន​បើក​គណនី​បៀវត្ស​សម្រាប់​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់​ខ្លួន ត្រូវ​ចាត់ចែង​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឱ្យ​បាន​ដល់​សាមីជន ម្នាក់​ៗ​គ្រប់​ចំនួន​និង​ទាន់​ពេលវេលា ។

៣-​និវត្តជន​ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ី​វិល អតីត​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ និង​អតីតមន្ត្រី នគរបាល​ជាតិ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្តែត សមាជិក ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធាន​ភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ ឬ មុខ​តំណែង​ផ្សេង​ទៀត​ដែល​មាន​បញ្ជាក់​ក្នុង​អនុក្រឹត្យ​នេះ ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​តែ​មួយ​កន្លែង ដែល​ចាត់ចែង​បើក​ផ្តល់​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​។

៤-​ក្រសួង ស្ថាប័ន ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ រៀបចំ​សំណើ និង​ធ្វើការ​បើក​ផ្តល់ ប្រាក់​ឧបត្ថម្ភ​ដែល​បាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ ដោយ​មិន​រាប់​បញ្ចូល​មុខសញ្ញា​និវត្តជន​ក្នុង ចំណុច​៣​ខាងលើ​។ជាមួយ​គ្នា​នោះ​ដែរ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​សាមី ត្រូវ​សហ​ការ​និង​ចាត់ចែង​រៀបចំ​ការ​បើក​ផ្តល់ ជា​បុរេប្រទាន​សម្រាប់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ដំណាលគ្នា​ជាមួយនឹង​ការ​បើក​ផ្តល់​ប្រាក់បៀវត្ស ប្រចាំ​ខែមេសា​តែ​មួយ​លើក​ឱ្យ​បាន​ដល់​សាមីជន​ម្នាក់​ៗ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៤ និង​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដំណាលគ្នា​ជាមួយនឹង​ការ​បើក​ផ្តល់​ប្រាក់បៀវត្ស​ប្រចាំ​ខែកញ្ញា តែ​មួយ​លើក​ឱ្យ​បាន​ដល់​សាមីជន​ម្នាក់​ៗ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​។

ក្រសួងស្ថាប័ន​ថ្នាក់​ជាតិ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​លើក​សំណើ​ជាក់ស្តែង​អំពី​ចំនួន​មន្ត្រី​ដែល ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​មក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ការ​ប្រញាប់ ដើម្បី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រៀបចំ​ប្រកាស​បន្ថែម​ឥណទាន​ថវិកា​ជូន​ទាន់​ពេលវេលា​និង​ធានា​ឱ្យ​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​អនុវត្តបាន​ទាន់​ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង