សៀវ ង៉ុយ និង ពុទ្ធ ធារិន្ទកក់កៅអីសម្រាប់ជុំទី២
ភ្នំពេញ:លើសង្វៀនTV5 Boxing Knock-Out Derie by K- Cementនាយប់ថ្ងៃទី១០វិច្ឆិកាអ្នកប្រដាសៀវ
ង៉ុយ សមាគមប្រដាល់ក្រសួងការពារជាតិ និង ពុទ្ធ ធារិន្ទក្លិបពុទ្ធសេរីវង្ស បានកក់កៅអីសម្រាប់ឡើងប្រកួតបន្តនៅជុំទី២ជាមួយគ្នា ។
សៀវ ង៉ុយបានប្រកូតឈ្នះអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធ ដោយពិន្ទុដាច់តែម្ដង ។ ង៉ុយគេវ៉ៃដោយមិនឆេវឆាវ និងមានផ្លែវ៉ៃល្អ ចំពោះរ៉ាថេនវិញគេវ៉ៃចូលចិត្តប្ដុរ និងប្រើកម្លាំងកាយតែមិនសូវមាន ស្នៀតអ្វីច្បាស់លាស់នោះទេ ។
ការវ៉ៃច្រង៉េងច្រង៉ាងនេះជាញឹកញាប់ បានធ្វៃឲ្យសៀវ ង៉ុយជួបការលំបាកក្នុងការការពារ ម្ល៉ោះហើយគេត្រូវបង្ខំចិត្តលោតថយក្រោយក៏មានដែរ ។ ដោយការប្រកួតមានតែ៣ទឹកនោះ បន្ទាប់ពីបញ្ចប់ការប្រកួតសៀវ ង៉ុយបានទទួលជ័យជំនះ លើគូប្រកួតដោយពិន្ទុ ។
សៀវ ង៉ុយពេលនេះបានកក់កៅអី ដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២បន្តទៀត ។ ចំពោះនួន រ៉ាថេនត្រូវខ្ទាត ចេញពីការប្រកួតត្រឹមនេះហើយ ។
ចំពោះពុទ្ធ ធារិន្ទវិញគេចំជាមានសំណាងល្អមែន ព្រោះគេចំណាយតែមួយទឹកប៉ុណ្ណោះធ្វើឲ្យគូប្រកួតរបស់គេគឺថាំង ឌីណាក្លិបអានាចក្រប្រយុទ្ធគុនខ្មែរ សន្លប់នៅត្រឹមទឹកទី១ ។
ធារិន្ទពិតជាមានសំណាងមែនទែន ព្រោះការប្រកួតដែលមាន៣ទឹកនោះ នៅទឹកទី១គេបញ្ចេញតែមួយដៃប៉ុណ្ណោះ ធ្វើឲ្យគូប្រកួតរបស់ខ្លួន សន្លប់ក្រោកលែងរួច ។ ធារិន្ទមិនចាំបាច់ហត់ និងឈឺសាច់នោះ គេបានកៅអីសម្រាប់ ការប្រកួតជម្រុះជុំទី២បានដោយស្រួល ។ ចំពោះថាំង ឌីណាដែលខំស្កាត់ពីខេត្តសៀមរាបមកនោះ ខ្ទាតចេញពីការប្រកួតត្រឹមនេះ ។
ពេលនេះមានអ្នកប្រដាល់ចំនួន ៦រូបហើយដែលខ្ទាតចេញ ពីការប្រកួតហើយក៏មាន៦រូបដែរ ដែលបានកក់កៅអីសម្រាប់វគ្គប្រកួតជម្រុះជុំទី២ ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធ ដែលទើបតែដណ្ដើមបានពានថ្មីៗនោះ ប្រកួតឈ្នះអ្នកប្រដាល់ថៃផាត ង៉ាម(Phat Ngam)ដោយពិន្ទុដាច់ ។ ក្នុងការប្រកួតចំនួន ៥ ទឹកនោះរដ្ឋាឈ្នះផាត ង៉ាម ៥ ទល់០ គឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យលាប រដ្ឋាឈ្នះទាំង៥រូប ។
ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់នោះ អ្នកប្រដាល់ជើងខ្លាំងរ៉ែម រាជក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។