ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញនឹងសិក្សាលើប្រធានបទសំខាន់ៗ ចំនួន៤ចំណុច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ វិធានការនានា ដែលត្រូវឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ លើវិស័យកសិកម្ម

98


ភ្នំពេញ៖ ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ចំនួន៤ចំណុច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ វិធានការនានា ដែលត្រូវឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ លើវិស័យកសិកម្ម ការសិក្សាពីការរៀបចំ ធ្វើផែនទីកំណត់តំបន់ដាំដុះនោះ លោកស្រីនាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី បានឯកភាពទាំងស្រុង នូវរាល់ចំណុចសំខាន់ៗ ដែលលោករដ្ឋមន្រ្តី បានលើកឡើង និងយកចំណុចទាំងនោះ ទៅពិភាក្សាជាមួយក្រុមការងារជំនាញ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ។

នៅទីស្តីការក្រសួងនារសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani-Jamal និងសហការីចូលជួបសម្តែងការគួរសម និងធ្វើការណែនាំខ្លួនដោយលោកស្រី ទើបត្រូវបានតែងតាំង ជានាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះ លោកស្រី Sunniya Durrani-Jamal បានកោតសរសើរចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ដែលជាចលករមួយដ៏សំខាន់ ជួយគាំទ្រប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលសម្រេចបាន នាឆ្នាំកន្លងមក។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា វិស័យកសិកម្ម គឺជាវិស័យមួយ ដែលធនាគារអភិវឌ្ឍអាស៊ី ផ្តល់អាទិភាពខ្ពស់ ដោយបានដាក់បញ្ចូល នៅក្នុងគោលនយោបាយភាពជាដៃគូ រវាងប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ីថ្មី សម្រាប់រយៈពេល ៥ឆ្នាំ។ ក្នុងឱកាសនៃបេសកកម្មរបស់លោកស្រី នៅកម្ពុជា លោកស្រីបានសន្យាថា នឹងផ្តល់កិច្ចសហប្រតិបត្តិ និងបន្តការគាំទ្រឲ្យអស់លទ្ធភាព ជាមួយក្រសួង ធ្វើយ៉ាងណារួមចំណែកអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើន។

មានមតិស្វាគមន៍ លោករដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ដែលកន្លងមកបានជួយគាំទ្រ យ៉ាងក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភ ទាំងបច្ចេកទេស និងថវិកា ដើម្បីអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធវិស័យកសិកម្ម ។ ស្តែងចេញពីលទ្ធផលគម្រោង ដែលសម្រេចបាន បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។ លោករដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា ធនាគារអភិវឌ្ឍអាស៊ី នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យមានការ រីកចម្រើនបន្ថែមទៀត ជាពិសេសជួយឧបត្ថម្ភគាំទ្រ លើវិស័យកសិកម្ម ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានលើកយកប្រធានបទសំខាន់ៗ ដើម្បីដាក់ជូនលោកស្រី ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ រួមមានទី១-វិធានការនានា ដែលត្រូវឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ លើវិស័យកសិកម្ម ទី២-ពិនិត្យ និងធ្វើការសិក្សាពីការរៀបចំ ធ្វើផែនទីកំណត់តំបន់ដាំដុះ ទី៣-ជួយមានវិធានការនានា ដែលឈានដល់ការទប់ស្កាត់ ផលប៉ះពាល់ លើផលិតកម្មដំឡូងមី ដោយសារជំងឺម៉ូសាអ៊ិកដំឡូងមី និងផែនការគ្រប់គ្រងជំងឺ ទី៤-ជួយរិះរកវិធានការនានា ដែលឈានទៅដល់ការសហការ បានពេញលេញ ពីស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើកសិកម្ម ឲ្យទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការចំណាយ ឲ្យបានជាអតិបរិមា លើការងារគ្រប់គ្រងទឹក និងដំណាំ និងទី៥-ផលិតភាពផលិតកម្ម និងទីផ្សារកសិផល របស់ប្រជាកសិករ និងសហគមន៍។ ជាការឆ្លើយតប លោកស្រី បានឯកភាពទាំងស្រុង នូវរាល់ចំណុចសំខាន់ៗ ដែលលោករដ្ឋមន្រ្តី បានលើកឡើង និងយកចំណុចទាំងនោះ ទៅពិភាក្សាជាមួយក្រុមការងារជំនាញ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ៕

អត្ថបទដែលជាប់ទាក់ទង